ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រីតថេន មកកម្ពុជា ពង្រឹងកិច្ចសហការប្រឆាំងការឆបោកតាមអនឡាញ

លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងអញ្ជើញមកកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន។ ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lord Hanson មកកាន់កម្ពុជា។ ក្នុងអំឡុងពេលនេះ លោកនឹងចូលរួមជាមួយដៃគូអន្តរជាតិក្នុងសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការគំរាមកំហែងឧក្រិដ្ឋកម្មឆ្លងដែន។
បន្ថែមពីនេះ រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងជួបជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីការវិវត្តនៃបញ្ហាការឆបោកនៅកម្ពុជា។ ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចសហការរវាងប្រទេសទាំងពីរនឹងផ្តោតលើការរំខាន និងបង្ក្រាបបណ្តាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋងាយរងគ្រោះ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។ដោយ៖ សុភ័ក្រ្ត