នាវាការពារជាតិកាណាដាចូលចតនៅខេត្តព្រះសីហនុ រឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ខេត្តព្រះសីហនុ៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៦ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូស្ថានទូតកាណាដាប្រចាំកម្ពុជា ព្រមទាំងលោកមេបញ្ជាការ និងនាវិក ក្នុងឱកាសដែលនាវាការពារជាតិកាណាដា HMCS Regina (FFH-334)បានចូលចត និងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦។
ក្នុងជំនួបនោះ លោកអភិបាលរងខេត្តបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ដោយឡែក ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ជាតិ ដែលពោរពេញដោយសក្ដានុពលឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរ និងកសិ-ឧស្សាហកម្ម។ ខេត្តមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ជ្រុងជ្រោយ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស រួមទាំងផ្លូវល្បឿនលឿន និងកំពង់ផែស្វយ័តទឹកជ្រៅដែលអាចសម្រួលដល់ការចូលចតនៃនាវាគ្រប់ប្រភេទ។
លោក Christian Desroches ស្ថានទូតកាណាដាប្រចាំកម្ពុជា បានគូសបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ។ វត្តមាននៃការចូលចតរបស់នាវានាពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងវិស័យការពារជាតិ និងសន្តិសុខរួម។
ទន្ទឹមនឹងនេះ លោកវរៈនាវីឯក Darren Sleen មេបញ្ជាការនាវាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ច និងបានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ។ ដំណើរទស្សនកិច្ចរបស់នាវាប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនាពេលនេះ មានគោលបំណងកសាងទំនុកចិត្ត បង្កើនកិច្ចសហការ និងរឹតចំណងមិត្តភាពតាមរយៈសកម្មភាពផ្លាស់ប្តូរកីឡា ការទស្សនាកម្សាន្តក្នុងខេត្ត និងការចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៅរាជធានីភ្នំពេញ។
ជាចុងក្រោយ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុថ្លែងអំណរគុណដល់ស្ថានទូត មេបញ្ជាការ និងនាវិកទាំងអស់ និងបានសម្តែងក្តីសង្ឃឹមថា កម្ពុជានិងកាណាដានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសន្តិសុខការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា


















