ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ មកត្រឹម ៣,៩% ដោយសារវិបត្តិទេសចរណ៍
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងរបាយការណ៍បច្ចុប្បន្នភាពខែកញ្ញា ឆ្នាំ២០២៦ បានកែសម្រួលទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ មកត្រឹម ៣,៩% (ធ្លាក់ចុះពី ៤,១% កាលពីខែកក្កដា) ព្រមទាំងដំឡើងអត្រាអតិផរណាពី៤,៥% មក ៤,៧%។។ ការកែសម្រួលនេះបណ្ដាលមកពីភាពទន់ខ្សោយនៃវិស័យទេសចរណ៍ និងសេវាកម្ម។ យ៉ាងណាក្ដី កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងងើបឡើងវិញដល់ ៤,៧% នៅឆ្នាំ២០២៧ ជាមួយអតិផរណា ២,៨%។
ចន្ទល់សេដ្ឋកិច្ចសំខាន់ៗក្នុងឆមាសទី១ ឆ្នាំ២០២៦
ការនាំចេញសម្លៀកបំពាក់ កើនឡើង ៦,៣% (សម្រេចបាន ៨ពាន់លានដុល្លារ)ការនាំចេញក្រៅពីសម្លៀកបំពាក់ កើនឡើងខ្លាំង ៣៨,៤% (សម្រេចបាន ៦,៧ពាន់លានដុល្លារ) ដោយសារផលិតផលមានតម្លៃបន្ថែមខ្ពស់ ដូចជា គ្រឿងបន្លាស់រថយន្ត សំបកកង់ គ្រឿងអគ្គិសនី និងសម្ភារឈើ។
ការនាំចេញកសិកម្ម៖ កើនឡើង ២៣,៦% ជាពិសេសស្វាយចន្ទី ដំឡូងមី និងអង្ករ។
ទុនបម្រុងអន្តរជាតិ៖ រក្សាបានកម្រិតរឹងមាំតាមរយៈលំហូរវិនិយោគផ្ទាល់ពីបរទេស ដែលអាចទ្រទ្រង់ការនាំចូលបានប្រមាណ ៧ខែ បើទោះបីជាឱនភាពគណនីចរន្តត្រូវបានព្យាករថានឹងកើនដល់ ១១,៥% នៃ ផ.ស.ស ក៏ដោយ។
បញ្ហាប្រឈម និងហានិភ័យគន្លឹះ វិបត្តិទេសចរណ៍ធ្លាក់ចុះគំហុក ភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ៤៧,៩% (មកនៅត្រឹម ១,៨លាននាក់ ក្នុងឆមាសទី១) ដោយសារជម្លោះនៅមជ្ឈិមបូព៌ា និងការបិទច្រកព្រំដែនគោកកម្ពុជា-ថៃ ដែលប៉ះពាល់ផ្ទាល់ដល់ការដឹកជញ្ជូន បដិសណ្ឋារកិច្ច និងការលក់រាយ។
វិស័យអូសបន្លាយភាពទន់ខ្សោយ៖ សំណង់ និងអចលនទ្រព្យនៅបន្តទ្រឹង ខណៈកសិកម្មនៅរួមចំណែកតិចតួច។
ហានិភ័យខាងក្រៅ និងធម្មជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល កំណើនទាបរបស់ដៃគូពាណិជ្ជកម្ម ថ្លៃទំនិញឡើងថ្លៃ បញ្ហាកម្ចីមិនដំណើរការ និងបាតុភូតអែលនីញ៉ូ ដែលគំរាមកំហែងដល់ផលិតកម្មកសិកម្ម។
លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញភាពធន់ ដោយបានលំហូរទុនវិនិយោគបរទេស និងការនាំចេញកម្មន្តសាលជួយទប់ទល់នឹងផលប៉ះពាល់ទេសចរណ៍។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវបន្តជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាកំណើនប្រកបដោយចីរភាព៕
ដោយ៖ ប៉ៃ សុឃីម
