ស្បៃខ្មែរ៖ កេរដំណែលដូនតាដ៏មានតម្លៃ តាំងពីសម័យហ្វូណន
ស្របពេលដែលថៃកំពុងជ្រួលច្របល់បន្លំអន្តរជាតិថាស្បៃជារបស់ខ្លួនទាំងដែរការពិតប្រវត្តិសាស្រ្តថៃកកើតក្រោយអាណាចក្រខ្មែរ ឯកឧត្ដមនេត ភាក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចែករំលែកអំពីប្រវត្តស្បៃថា៖ស្បៃខ្មែរ មិនមែនគ្រាន់តែជាផ្ទាំងសាច់កំណាត់សម្រាប់ដណ្ដប់លម្អកាយនោះទេ ប៉ុន្តែជាកេរដំណែលវប្បធម៌ដ៏មានតម្លៃ ដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សិល្បៈ និងអត្តសញ្ញាណរបស់ប្រជាជាតិខ្មែរ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។ ការសិក្សាប្រវត្តិសាស្ត្រ និងភស្តុតាងបុរាណវិទ្យាបង្ហាញថា សម្លៀកបំពាក់ប្រពៃណីខ្មែរមានការវិវត្តអស់រយៈពេលជាច្រើនសតវត្សរ៍។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់ថា ស្បៃជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលមានឫសគល់ជាប់ទាក់ទងនឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន និងបានបន្តប្រើប្រាស់ពីមួយជំនាន់ទៅមួយជំនាន់។
ភស្តុតាងដ៏សំខាន់មួយសម្រាប់សិក្សាអំពីសម្លៀកបំពាក់ និងជីវភាពសង្គមខ្មែរតាំងពីសម័យមុនអង្គរ គឺរូបបដិមាដីដុតរកឃើញនៅស្ថានីយអង្គរបូរី ក្នុងខេត្តតាកែវ (អាយុកាលចន្លោះស.វ ១ -៣នៃគ.ស) និងសិលាចារឹក K.713 នៃប្រាសាទព្រះគោ ក្នុងតំបន់រលួស ខេត្តសៀមរាប កសាងក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ នាចុងសតវត្សរ៍ទី៩ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។ សិលាចារឹកនេះ មានកាលបរិច្ឆេទឆ្នាំ៨១៥ នៃមហាសករាជ ត្រូវនឹងឆ្នាំ៨៩៣ គ្រិស្តសករាជ បានកត់ត្រាអំពីការថ្វាយគ្រឿងសក្ការៈរួមមានមាស ប្រាក់ គ្រឿងអលង្ការ សម្លៀកបំពាក់ គ្រឿងប្រើប្រាស់ក្នុងពិធីសាសនា ព្រមទាំងខ្ញុំប្រាសាទ អ្នករាំ និងអ្នកភ្លេង ជាពិសេសគឺតង្វាយស្បៃដល់ទេពប្រចាំប្រាសាទ។ កំណត់ត្រាទាំងនេះឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃជីវភាព សិល្បៈ និងវប្បធម៌ខ្មែរនាសម័យដើមអង្គរ។
ស្បៃខ្មែរ៖ ពីសម្លៀកបំពាក់បុរាណទៅជានិមិត្តរូបនៃអត្តសញ្ញាណជាតិ
ស្បៃមានតួនាទីលើសពីសម្លៀកបំពាក់សម្រាប់លម្អរាងកាយ។ ក្នុងសង្គមខ្មែរ ស្បៃផ្សារភ្ជាប់ជាមួយភាពស្រស់ស្អាត ភាពថ្លៃថ្នូរ និងប្រពៃណីនៃការស្លៀកពាក់។ ចម្លាក់ស្រ្តី និងទេពនៅតាមប្រាសាទបុរាណខ្មែរ ក៏បង្ហាញពីភាពចម្រុះនៃការតុបតែងកាយ គ្រឿងអលង្ការ និងសម្លៀកបំពាក់នាសម័យអង្គរ ដែលជាប្រភពដ៏មានតម្លៃសម្រាប់ការសិក្សាប្រវត្តិសាស្ត្រសម្លៀកបំពាក់ខ្មែរ។
បេតិកភណ្ឌនេះបន្តមានជីវិតនៅក្នុងពិធីមង្គលការ របាំព្រះរាជទ្រព្យ ពិធីបុណ្យប្រពៃណី និងសម្លៀកបំពាក់សម្រាប់ពិធីការផ្សេងៗ។ ជាពិសេស ទំនៀម «ព្រះថោងតោងស្បៃនាងនាគ» ជានិមិត្តរូបដ៏សំខាន់មួយនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដែលផ្សារភ្ជាប់ជាមួយរឿងព្រេងអំពីដើមកំណើតជាតិខ្មែរ។
ស្បៃមួយផ្ទាំងអាចប្រាប់ពីស្នាដៃរបស់អ្នកតម្បាញ ចំណេះដឹងផ្នែកសូត្រ ក្បូរក្បាច់រចនា និងសោភ័ណភាពដែលដូនតាខ្មែរបានបន្សល់ទុក។ ការបន្តប្រើប្រាស់ស្បៃក្នុងពិធីប្រពៃណី គឺជាការរក្សាទំនាក់ទំនងរវាងមនុស្សជំនាន់បច្ចុប្បន្ន និងបេតិកភណ្ឌរបស់បុព្វបុរស។
ស្បៃខ្មែរគឺជាកេរដំណែលដែលដូនតាបានបន្សល់ទុក ជាស្នាដៃសិល្បៈដែលមានជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលត្រូវថែរក្សា សិក្សា និងបន្តទៅកាន់កូនចៅជំនាន់ក្រោយ៕ ដោយ៖ សុភ័ក្រ្ត




