កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈនូវែលសេឡង់គាំទ្រកម្ពុជាចូលជាសមាជិក CPTPP
នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកជំទាវ Raylene Siale Tagaloa Liufalani ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលនូវែលសេឡង់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេសនានា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន (RCEP) និង(AANZFTA)។
ជាមួយគ្នានេះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលសេឡង់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងបានកត់សម្គាល់ប្រកបដោយភាពវិជ្ជមានចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីនាពេលកន្លងមក។ បន្ថែមលើនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញនូវរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំងពីរជាសមាជិក។
ជាការកត់សម្គាល់ ភាគីនូវែលសេឡង់ ក៏បានបង្ហាញការគាំទ្រចំពោះបំណង និងសំណើរបស់កម្ពុជា ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់អន្តរប៉ាស៊ីហ្វិក (CPTPP) ផងដែរ៕ដោយ៖ ប៉ៃ សុឃីម




