គិតត្រឹមដើមខែមករា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន៥៤.២០ភាគរយហើយ។ វឌ្ឍនភាពនៃគម្រោងនេះ សម្រេចបានលឿនងផែនការ ៣.៤៥ភាគរយ បន្ទាប់ពីបើកសម្ពោធការដ្ឋានសាងសង់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។
បើតាមឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា បានបញ្ជាក់ថា វឌ្ឍនភាពគម្រោងដែលសម្រេចបាន ៥៤.២០ភាគរយនោះ រួមមាន៖ ផ្នែកគ្រឹះស្ពាន សម្រេច ១០០ភាគរយ, រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៨៩ភាគរយ (ជញ្ជាំងក្បាលស្ពានចំនួន៤ សម្រេចបាន២ ក្បាលសសរស្ពានចំនួន៤ សម្រេចបាន២ តួសសរស្ពាន ១២រួចរាល់ សសរស្ពាន៥២រួចរាល់ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន ៣០ធ្នឹម)។
ក្រៅពីនេះ រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន២៩ភាគរយ ( ធ្នឹមT តម្លើង១៨០ ដើម សម្រេចបាន៨៣ និងធ្នឹម T ចាក់នៅកន្លែង១៨០ដើមសម្រេចបាន៦៦), បណ្តាញផ្លូវសម្រេចបាន៣១.៣០ភាគរយ (តភ្ជាប់ប្រវែង ៨០៤.៣០ម. សម្រេចបាន ២៩ភាគរយ និងផ្លូវបង្វែរទិស( Ram) ប្រវែង ១.៥៤ម. សម្រេចបាន ៣៦ភាគរយ)។ ក្រុមការងារ ក៏បានវាយតម្លៃខ្ពង់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភ័ណភាព៕
ដោយ៖ ង៉ែត ពិសាន្ត


















