ក្រសួងបរិស្ថានបានឲ្យដឹងថា ក្រសួងមានផែនការបោះបង្គោលព្រំប្រទល់សរុបចំនួន ១៥៧៥៩បង្គោល ដើម្បីជំរុញការចុះបញ្ជីដីរដ្ឋ និងធានាការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ ខណៈបច្ចុប្បន្នក្រសួងបរិស្ថាន បានបោះបង្គោលបានសរុបចំនួន ៣៦០០បង្គោល ដែលនៅសល់ចំនួនបង្គោលសរុបចំនួន ១២១១៩បង្គោលទៀតដែលត្រូវបោះក្នុងឆ្នាំបន្តបន្ទាប់។
ហើយនៅឆ្នាំ២០២៥ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានពង្រឹងការគ្រប់គ្រងគម្របបៃតងនៅតាមតំបន់ការពារធម្មជាតិ បោះបង្គោលកំណត់ព្រំប្រទល់បានចំនួន ១០០០បង្គោល។ នៅក្នុងឆ្នាំ២០២៦ គ្រោងនឹងបោះបង្គោលព្រំប្រទល់សរុបចំនួន ១០០០បង្គោលបន្ថែមទៀត ដើម្បីជំរុញការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ។
បច្ចុប្បន្នតំបន់ទាក់ទងនឹងការកំណត់ និងបែងចែកតំបន់គ្រប់គ្រងការពារធម្មជាតិនៅកម្ពុជា មានចំនួន ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីទំហំជាង ៧លានហិកតា ស្នើនឹង ៤១%នៃផ្ទៃដីសរុបរបស់ប្រទេស។ តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទ ឧទ្យានជាតិមានចំនួន ៩តំបន់ ឧទ្យានជាតិសមុទ្រមានចំនួន ២តំបន់ ដែនជម្រកសត្វព្រៃមានចំនួន ១៨តំបន់ តំបន់ការពារទេសភាពមានចំនួន ១៤តំបន់ តំបន់ប្រើប្រាស់ច្រើយ៉ាងមានចំនួន ១១តំបន់ តំបន់រាមសារ មានចំនួន ៥តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិ មានចំនួន ១៤តំបន់។
យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានដាក់ចេញសសរស្តម្ភទី២គឺ “ភាពបៃតង” ដែលសំដៅលើការបង្កើនគម្របព្រៃឈើជាតិ និងឆ្ពោះទៅអព្យាក្រឹត្យភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០៕
ដោយ៖ ប៉ៃ សុឃីម














