Skip to main content
Preah Sihanouk Provincial Television
Log in

សំណុំរឿងអតីតប្រធានបក្សសង្គ្រោះជាតិលោកកឹម សុខាត្រូវបានសាលាឧទ្ធរណ៍បើកសវនាការព្រឹកមិញ

KPS99TVHistorical original · translation unavailable

នៅព្រឹកថ្ងៃទី០៨ ខែមេសាព្រឹកមិញនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការបន្តលើរឿងក្តីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្តឹងជំទាស់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានកាត់ទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ។ក្នុងសវនាការនាព្រឹកមិញនេះ គេអង្កេតឃើញមានវត្តមានចូលរួមពីក្រុមមេធាវីរាជរដ្ឋាភិបាល ដឹកនាំដោយលោក គី តិច និងគ្រប់ភាគីពាក់ព័ន្ធ។

ជាការកត់សម្គាល់ ក្រោយពីបើកសវនាការពិភាក្សាដេញដោលចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល២៧ឆ្នាំ ពីបទ សន្និដ្ឋិភាពជាមួយបរទេសឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងបានដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ព្រមទាំងដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ។ ក្រោយមកលោក កឹម សុខា តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានសម្រេចប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ ទោះជាយ៉ាងនេះក្តី លោក កឹម សុខា មានឈ្មោះជាជនត្រូវចោទ ត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយបានដាក់បម្រាមមួយចំនួន។

គិតចាប់តាំងពីឆ្នាំ២០២៤មក សរុបមានជាង១០លើកហើយដែលសាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែក ការបន្តសវនាការនាពេលនេះ បានឈានចូលដល់ដំណាក់កាលធ្វើសេចក្តីសន្និដ្ឋានពីគ្រប់ភាគី និងអាចឈានដល់ដំណាក់កាលវិនិច្ឆ័យសេចក្តីលើរឿងក្តីនៅសាលាឧទ្ធរណ៍ភ្នំពេញ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…