ក្រសួងវប្បធម៌កម្ពុជា នាយប់ថ្ងៃទី១៣ ខែមេសា បានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសថៃលើតំបន់បេតិកភណ្ឌវប្បធម៌ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
តំបន់ដែលរងការកាន់កាប់ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្នុងដែនដីកម្ពុជា។ មិនត្រឹមតែកាន់កាប់នោះទេ តែវត្តមានរបស់អាជ្ញាធរថៃ បានធ្វើសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់ ដែលបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) និងជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ក្រសួងវប្បធម៌ លើកឡើងថា ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជា។
សេចក្តីថ្លែងការណ៍ បញ្ជាក់បន្ថែមថា សកម្មភាពរបស់ភាគីថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ និងឯកសារច្បាប់ពាក់ព័ន្ធជាច្រើន រួមមាន អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ព្រមទាំងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។ ក្នុងន័យនេះ ក្រសួងវប្បធម៌ អំពាវនាវយ៉ាងម៉ឺងម៉ាត់ ដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ និងដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ ព្រមទាំងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
មិនតែប៉ុណ្ណោះ កម្ពុជាបានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ហើយអំពាវនាវឱ្យភាគីថៃ អនុវត្តតួនាទីប្រកបដោយទំនួលខុសត្រូវ និងចូលរួមយ៉ាងសកម្មក្នុងយន្តការទ្វេភាគី កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនរួម (JBC) ផងដែរ។ ក្រសួងបន្ថែមថា ការចាត់វិធានការកែតម្រូវជាបន្ទាន់ពីភាគីថៃ គឺជាកត្តាចាំបាច់ ដើម្បីរក្សាសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត










