Skip to main content
Preah Sihanouk Provincial Television
Log in

ក្រុងកោះរ៉ុង ប្រែមុខមាត់ថ្មី ក្រោយមានបណ្ដាញអគ្គិសនីរដ្ឋប្រើប្រាស់

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ ដើម្បីដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅលើក្រុងកោះរ៉ុង ដែលកន្លងមកបានប្រើប្រាស់ភ្លើងឯកជនមានតម្លៃខ្ពស់ រហូតដល់ប្រមាណ ១ គីឡូវ៉ាត់ម៉ោង តម្លៃ ២,៩០០ រៀល បច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរក្រុង និងសង្កាត់ បានតបណ្ដាញអគ្គិសនីរដ្ឋចូលដល់សង្កាត់កោះរ៉ុងសន្លឹម សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានយ៉ាងងាយស្រួល និងមានតម្លៃទាបជាងឯកជន ដោយក្នុង ១ គីឡូវ៉ាត់ម៉ោង មានតម្លៃត្រឹមជាង ៧០០ រៀល។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះពិនិត្យការដាក់បង្គោលភ្លើងអគ្គិសនី និងការអភិវឌ្ឍផ្លូវនៅសង្កាត់កោះរ៉ុងសន្លឹមផងដែរ។

ជាមួយនឹងការទទួលបានភ្លើងរដ្ឋប្រើប្រាស់នេះ ប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុងសន្លឹម មានការសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលថ្នាក់ដឹកនាំបានគិតគូររៀបចំតបណ្ដាញភ្លើងអគ្គិសនីរដ្ឋ ចូលមកដល់សង្កាត់ ដើម្បីឱ្យប្រើប្រាស់បានងាយស្រួល និងមានតម្លៃទាប។ ចំពោះបណ្ដាញអគ្គិសនីសម្រាប់ប្រើប្រាស់នៅសង្កាត់កោះរ៉ុងសន្លឹម នាពេលនេះ មានតង់ស្យុង ៣៥ គីឡូវ៉ុល។

សូមបញ្ជាក់ថា បណ្ដាញអគ្គិសនីដែលយកមកប្រើប្រាស់នៅក្រុងកោះរ៉ុង គឺតភ្ជាប់ពីខេត្តកោះកុង តំបន់តារាសាគរ ដោយកប់ខ្សែក្រោមបាតសមុទ្រ ចូលមកសង្កាត់កោះរ៉ុង ហើយបច្ចុប្បន្ន បានបន្តបណ្ដាញមកដល់សង្កាត់កោះរ៉ុងសន្លឹម សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានកាន់តែងាយស្រួលផងដែរ៕ អត្ថបទ៖ ប៉ៃ សុឃីម / រូបភាព៖ ទាវ វិឆាត

Comments

Loading comments…