Skip to main content
Preah Sihanouk Provincial Television
Log in

នាយករដ្ឋមន្រ្តី៖ការចង់បញ្ជូនក្មេងទំនើងទៅសមរភូមិមុខដើម្បីឱ្យឃើញយុវជនដូចគ្នាកំពុងលីបាវលីអង្ករជួយច្បាំងនៅជួរមុខលំបាកប៉ុណ្ណា!

KPS99TVHistorical original · translation unavailable

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ដើម្បីឱ្យបានផលប្រយោជន៍ប្រទេសជាតិ គ្មានអ្វីក្រៅពីបម្រើសមរភូមិមុខហ្នឹងនោះទេ។ នេះសម្តេចធិបតីចង់មានន័យថា ការចង់បញ្ជូនក្មេងទំនើងទៅបម្រើសមរភូមិមុខ គឺដើម្បីឱ្យក្មេងទំនើងទាំងអស់បានដឹងថា យុវជនអាយុប៉ុនខ្លួនឯងកំពុងតែលីបាវ លីអង្ករ...ឱ្យទៅជួរមុខដើម្បីច្បាំងការពារជាតិ ហើយពួកគាត់លំបាកប៉ុណ្ណា។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះ៖ «ដើម្បីឱ្យបានផលប្រយោជន៍ប្រទេសជាតិ គ្មានអ្វីក្រៅពីបម្រើសមរភូមិមុខហ្នឹងនោះទេ។ ឱ្យចាក់បេតុងហើយឱ្យលីបេតុងខ្លួន បើថាល្អគឺលីឡើងភ្នំ ហើយមិនបាច់យកទៅលីដល់សមរភូមិមុខទេ ឱ្យលីតែកន្លែងណាឱ្យដឹងថា យុវជនអាយុប៉ុនខ្លួនឯងកំពុងតែលីបាវ លីអង្ករ លីស្អីឡើងឱ្យទៅជួរមុខ ច្បាំងការពារជាតិ គេលំបាកប៉ុណ្ណា»។

ជាមួយគ្នានេះ សម្តេចធិបតី ណែនាំឱ្យកម្លាំងនគរបាលរៀបចំកន្លែងយកក្មេងទំនើងទៅដាក់មួយដុំកុំឱ្យចង្អៀតពន្ធនាគារហើយគ្រប់គ្រង់បាន តែបើចាំបាច់ខ្ចីអគារអនឡាញហ្គេមដាក់ក្មេងទំនើងបណ្តោះអាសន្នសិនក៏បានដែរ។ ប៉ុន្តែយល់ល្អ សម្តេចបញ្ជាក់ថា ឱ្យតែស័ង្កសីយកទៅធ្វើហើយដេកខ្លួនឯងទៅកុំឱ្យដេកនៅក្នុងផ្ទះថ្មអី ព្រោះទាហានយើងទៅនៅទីតាំងដំបូងពួកគាត់អត់ដែលមានអីនោះទេ មានតែចងអង្រឹងហើយបន្ទាប់មកកន្លែងខ្លះក៏មានបន្ទះឈើឬស័ង្កសីធ្វើស្នាក់នៅនោះទេ។ តែទោះបីជាយ៉ាងណា ករណីនេះ សម្តេចធិបតីឱ្យសិក្សាមើលសិនតាមកម្រិតណាមួយឱ្យស្របតាមច្បាប់ ព្រោះក្រែងស្ថាប័នសិទ្ធិមនុស្សគេរករឿង។

មិនតែប៉ុណ្ណោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រាប់ទៅកាន់ក្មេងទំនើងមួយចំនួនកុំអាងអំណាច និងបុណ្យស័ក្តិរបស់ឪពុកម្តាយ ហើយកុំអាងធ្វើបងធំហើយរួចខ្លួន។ ការណ៍ផ្តាំទៅក្មេងទំនើងដូច្នេះ សម្តេចចង់បញ្ជាក់ថា មិនរួចខ្លួននោះទេ និងព្រមានដកហូតតួនាទី និងបុណ្យស័ក្កិឪពុកម្តាយដែលមានកូនជាក្មេងទំនើងហើយអាងឥទ្ធិពលពុកម៉ែទៀតផង៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…