កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធអំពើឆបោកតាមអនឡាញ (Online Scam)និងទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់ មួយកន្លែង នៅអគារខុនដូ PROVANCE ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ដឹកនាំដោយអាជ្ញាធររាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង បន្ទាប់ពីទទួលបានព័ត៌មានតាម Hotline។
ជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាបបទល្មើសចំនួន ៣ ករណី៖
• ទី១ សង្គ្រោះបុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបាននាំមកពីខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជូនបន្តទៅកន្លែងផ្សេង។
• ទី២ ឃាត់ខ្លួនជនជាតិចិន ៤ នាក់ និងដកហូតសម្ភារៈបច្ចេកទេសជាច្រើន ដូចជា ទូរស័ព្ទដៃ ១២៧ គ្រឿង កុំព្យូទ័រ និងឧបករណ៍ផ្សេងៗ ដែលត្រូវបានប្រើសម្រាប់បង្កើត “ស្ទូឌីយោក្លែងក្លាយ” ធ្វើសកម្មភាពឆបោកតាមអនឡាញ។
• ទី៣ រកឃើញជនបរទេសស្នាក់នៅដោយខុសច្បាប់ ចំនួន ១២ នាក់ (សញ្ជាតិចិន និងវៀតណាម)។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានសង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់ពាក់ព័ន្ធក្នុងប្រតិបត្តិការនេះផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ បន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយម៉ឺងម៉ាត់ មិនមានការបន្ធូរដៃ និងអនុវត្តច្បាប់ឱ្យបានមានប្រសិទ្ធភាព។
គួររំលឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តនៅថ្ងៃទី៦ ខែមេសា និងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះកំណត់បទល្មើសថ្មីចំនួន ៥ ប្រភេទ និងកំណត់ទោសធ្ងន់ ដល់កម្រិតជាប់ពន្ធនាគាររហូតដល់ជីវិត ពិន័យប្រាក់ និងរឹបអូសទ្រព្យសម្បត្តិជនល្មើសផងដែរ៕
ដោយ៖ ប៉ៃ សុឃីម










