សម្ដេចធិបតីហ៊ុន ម៉ាណែត បើទោះបីជាលោកកំពុងបំពេញបេសសកម្មនៅ អាស៊ែបៃហ្សង់ក៏ដោយ តែសម្ដេចនៅបន្តតាមដានយកចិត្តទុកដាក់បំផុតក្នុងដំណើរការនៃកិច្ចប្រជុំUNCLOSនៅប្រទេសហូឡង់ ខណៈកិច្ចប្រជុំនិងបន្តនៅថ្ងៃទី១៨ខែតុលា ខាងមុខនេះ។
នៅក្នុងបណ្ដាញសង្គមនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៦នេះសម្ដេចបានឲ្យដឹងថាការចរចាបញ្ហាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវដ៏ធំធេងរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់លើឯកសារ ច្បាប់ និងបច្ចេកទេសព្រំដែន។ ការងារនេះត្រូវអនុវត្តដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។ ដូច្នេះ ការដោះស្រាយបញ្ហាព្រំដែនមិនអាចផ្អែកលើព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដូចជាព័ត៌មានតាមទូរទស្សន៍ បណ្តាញសង្គម ពាក្យចចាមអារ៉ាម ឬការសន្និដ្ឋានដោយគ្មានភស្តុតាងនោះទេ។
ចំពោះយន្តការដោះស្រាយ កម្ពុជាត្រូវជ្រើសរើសវិធីសាស្ត្រដែលសមស្របទៅនឹងកាលៈទេសៈ និងស្ថានភាពជាក់ស្តែង។ សម្រាប់បញ្ហាព្រំដែនគោក កម្ពុជាកំពុងជំរុញការដោះស្រាយតាមរយៈយន្តការទ្វេភាគី គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ចំណែកបញ្ហាព្រំដែនទឹក កម្ពុជាកំពុងប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយស្របតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ កម្ពុជាបានបញ្ជូនគណៈប្រតិភូ និងក្រុមអ្នកច្បាប់ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោម UNCLOS ជាមួយប្រទេសថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងនៅវិមានសន្តិភាព និងទីស្នាក់ការកណ្តាលតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការចូលរួមនេះបង្ហាញពីការបន្តប្រើប្រាស់យន្តការច្បាប់ និងការទូត ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការពារអធិបតេយ្យភាពជាតិ៕អត្ថបទដោយ៖ សុភ័ក្រ្ត








