គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានតម្រូវឱ្យកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈពាក់ព័ន្ធនឹងលទ្ធផលនៃដំណើរការផ្សះផ្សា ដោយអនុវត្តតាមបទប្បញ្ញត្តិនៃនីតិវិធីដែលប្រទេសទាំងពីរបានឯកភាពគ្នា។
តាមនីតិវិធីនេះ ភាគីទាំងពីរត្រូវរក្សាការអត់ធ្មត់ និងមិនបញ្ចេញព័ត៌មានជាសាធារណៈអំពីលទ្ធផលនៃដំណើរការផ្សះផ្សា មុនពេលគណៈកម្មការចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ។ ការអនុវត្តតាមកិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃការគោរពនីតិវិធីដែលបានកំណត់រួមគ្នារវាងកម្ពុជា និងថៃ។
គណៈកម្មការផ្សះផ្សានឹងជាអ្នកចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការស្ដីពីដំណើរការនេះ។ ដូច្នេះ ភាគីទាំងពីរត្រូវរង់ចាំការប្រកាសពីគណៈកម្មការមុននឹងធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈពាក់ព័ន្ធនឹងលទ្ធផល ដើម្បីធានាថាការផ្សព្វផ្សាយព័ត៌មានស្របតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។ដោយ៖ សុភ័ក្រ្ត



