នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Saparov Aidarbek Seipellovich រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋកាហ្សាក់ស្តង់ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងបង្កើនទំនាក់ទំនងកសិពាណិជ្ជកម្ម នៅទីក្រុងអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្តង់។
ក្នុងឱកាសនោះ ភាគីទាំងពីរបាន ឯកភាពលេីការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជំរុញការធ្វើកសិពាណិជ្ជកម្មដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់ និងបង្កើតក្រុមការងារបច្ចេកទេសដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ សំដៅពង្រីកកិច្ចសហប្រតិបត្តិការ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក។
បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានឯកភាពក្នុងកិច្ចសហការក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្សរវាងនិស្សិត សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសវិទ្យាសាស្ត្រ ហេីយភាគីកាហ្សាក់ស្តង់ បានទទួលយកព្រមទាំងទទួលការអញ្ជេីញរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្នុងការពិនិត្យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងជួបពិភាក្សាជាមួយវិស័យឯកជននៅកម្ពុជានៅពេលវេលាសមស្រប៕
ដោយ៖ ស្រីពី









