ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនពេញមួយយប់នៅក្នុងតំបន់ព្រំដែន បែលហ្គូរ៉ូដ (Belgorod) របស់រុស្ស៊ី បានផ្តាច់ជីវិតមនុស្ស 3 នាក់ និង ១៥ នាក់ផ្សេងទៀត រងរបួស និងបំផ្លិចបំផ្លាះអគារចំនួន ៣០ ខ្នង រថយន្ត ៣៥ គ្រឿង ផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នង ទីតាំងពាណិជ្ជកម្ម ៨ កន្លែង និងគ្រឹះស្ថានសង្គមចំនួន ៣ កន្លែង។

នៅខាងភាគីអ៊ុយក្រែនវិញ ហ្វូងដ្រូនរបស់រុស្ស៊ី ក៏បានវាយប្រហារកម្ទេចអគារស្នាក់នៅមួយកន្លែងក្នុងខេត្ត Dnipropetrovsk Oblast របស់អ៊ុយក្រែន ដោយបានផ្តាច់ជីវិតមនុស្ស ៣ នាក់ និង ១៦ នាក់ផ្សេងទៀតរងរបួស។
ប្រទេសរុស្ស៊ី បានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនយ៉ាងខ្លាំង ខណៈដែលរដូវរងាកំពុងខិតជិតមកដល់ ដោយមន្ត្រីអ៊ុយក្រែនបានអះអាងថា ការវាយប្រហារទាំងនេះ កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលដ៏សំខាន់ ដោយក្នុងនោះផ្ទះសម្បែងរាប់ពាន់ខ្នងនៅក្នុងតំបន់ ត្រូវបានកាត់ផ្តាច់ពីចរន្តអគ្គិសនី៕អត្ថបទ៖ រិទ្ធី







