បណ្តាញសង្គម Truth Social របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការធ្លាក់ចុះនេះ កើតឡើងស្របពេលដែលលោក ត្រាំ បង្កើនការបង្ហោះសារនៅលើបណ្តាញសង្គមមួយនេះច្រើនជាងពេលណាៗទាំងអស់។
យោងតាមទិន្នន័យពីក្រុមហ៊ុនរុករកទិន្នន័យឌីជីថល Similarweb បានឱ្យដឹងថា អត្រាធ្លាក់ចុះនៃចរាចរណ៍អ្នកប្រើប្រាស់គឺមានដល់ទៅ ៣០% ខណៈដែលជាមធ្យម មានអ្នកប្រើប្រាស់ប្រចាំថ្ងៃចំនួន ២៦០,០០០នាក់ នៅលើបណ្តាញសង្គមមួយនេះ។
លោក Trump មានអ្នកតាមដាន ឬ Follower រហូតដល់ ១៣ លាននាក់ ជាអ្នកដែលមានអ្នកគាំទ្រច្រើនជាងគេបំផុតនៅលើបណ្តាញសង្គម Truth Social។ លោកក៏ល្បីល្បាញផងដែរចំពោះការបង្ហោះមាតិកាច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលដ៏ខ្លី ជាឧទាហរណ៍ជាក់ស្តែង កាលពីថ្ងៃពុធដើមសប្តាហ៍នេះ លោក Trump បានបង្ហោះសារប្រមាណ ២៥ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
យោងតាមទិន្នន័យដែលមានស្រាប់ លោក Trump បានបង្ហោះសារចំនួន ៨៦១ ក្នុងខែឧសភា ដែលគិតជាមធ្យមគឺស្មើនឹងប្រមាណ ២៧ សារក្នុងមួយថ្ងៃ ដោយវ៉ាដាច់កំណត់ត្រាប្រចាំខែមុនរបស់លោក ដែលមានចំនួនត្រឹមតែ ៧៨២ សារវប៉ុណ្ណោះ។
ការធ្លាក់ចុះនេះបានធ្វើឱ្យ Truth Social ស្ថិតនៅពីក្រោយដៃគូប្រកួតប្រជែងរបស់ខ្លួន គឺ Facebook ដែលមានអ្នកប្រើប្រាស់ប្រចាំថ្ងៃជាង ២ ពាន់លាននាក់ និង X ដែលមានអ្នកប្រើប្រាស់ប្រចាំថ្ងៃជាង ១៣០ លាននាក់ជុំវិញពិភពលោក។
គួរបញ្ជាក់ផងដែរថា បណ្តាញសង្គម Truth Social ត្រូវបានបង្កើតឡើងដោយលោក Trump កាលពីឆ្នាំ ២០២២ បន្ទាប់ពី Twitter បានបិទគណនីរបស់លោកជាស្ថាពរក្នុងខែមករា ឆ្នាំ២០២១ ជុំវិញហេតុការណ៍វាយប្រហារលើវិមានកាពីតូលសហរដ្ឋអាមេរិក។ ចាប់តាំងពីបើកដំណើរការមក លោក Trump បានកសាងចំនួនអ្នកតាមដានជាង ១៣លាននាក់ និងបន្តបង្ហោះសារជារៀងរាល់ថ្ងៃ រហូតមកដល់ពេលបច្ចុប្បន្ន៕អត្ថបទដោយ៖ រិទ្ធី






