កម្ពុជាបានបោះជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ការទូតវប្បធម៌ និងការផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរ នៅសាធារណរដ្ឋប៊ុលហ្គារី និងតំបន់បាល់កង់ តាមរយៈពិធីសម្ពោធជាផ្លូវការ «ជ្រុងកម្ពុជា – សៀវភៅ សិល្បៈ និងបេតិកភណ្ឌវប្បធម៌» នៅបណ្ណាល័យជាតិ «សន្តស៊ីរីល និងសន្តមេថូឌី» នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅក្នុងទីក្រុងសូហ្វៀ សាធារណរដ្ឋប៊ុលហ្គារី។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ពិធីសម្ពោធនេះបានប្រព្រឹត្តទៅក្រោមកិច្ចសហការរវាងស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងបណ្ណាល័យជាតិប៊ុលហ្គារី ដោយមានការចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាង អង្គទូតនានាប្រចាំទីក្រុងសូហ្វៀ ថ្នាក់ដឹកនាំបណ្ណាល័យ តំណាងស្ថាប័នអប់រំ និងភ្ញៀវកិត្តិយសជាច្រើនរូប។
សូមជម្រាបថា សម្រាប់ការបង្កើត «ជ្រុងកម្ពុជា»នេះ មិនត្រឹមតែជាការដាក់តាំងសៀវភៅ និងស្នាដៃសិល្បៈខ្មែរនៅក្នុងបណ្ណាល័យជាតិដ៏សំខាន់របស់ប៊ុលហ្គារីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតទីតាំងមួយសម្រាប់ផ្សព្វផ្សាយចំណេះ ដឹងអំពីប្រវត្តិសាស្ត្រ អរិយធម៌ អក្សរសាស្ត្រ សិល្បៈ និងបេតិកភណ្ឌវប្បធម៌ខ្មែរ ទៅកាន់សាធារណជនប៊ុលហ្គារី និងអ្នកសិក្សាស្រាវជ្រាវក្នុងតំបន់បាល់កង់៕ដោយ៖ ស្រីពី











