កងទ័ពជើងទឹកបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃសុក្រនេះថា នាវាដឹកប្រេងមួយគ្រឿង បានបុកនឹងមីនសមុទ្រនៅច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យផ្ទុះឆាបឆេះភ្លាមៗ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim News Agency បានឱ្យដឹងថា នាវានេះ កំពុងដឹកជញ្ជូនប្រេងឆៅជាង ២លានបារ៉ែល ធ្វើដំណើរឆ្លងកាត់ច្រកទឹកយុទ្ធសាស្ត្រនេះដោយខុសច្បាប់។
នាវានេះ បានព្យាយាមឆ្លងកាត់តាមច្រកដែលមិនត្រូវបានអនុញ្ញាតដោយប្រទេសអ៊ីរ៉ង់ ខណៈដែលកងទ័ពជើងទឹកបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចោទប្រកាន់ថានាវានេះបានបិទប្រព័ន្ធកំណត់ទីតាំង និងរ៉ាដារទាំងអស់ និងព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះដោយមានការគាំទ្រពីយោធាអាមេរិក។
ហេតុការណ៍នេះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាដឹកទំនិញទង់ជាតិសិង្ហបុរីមួយគ្រឿងបានលិចនៅច្រកសមុទ្រ Hormuz បន្ទាប់ពីនាវានេះបានបុកនឹងមីនសមុទ្រពេលកំពុងធ្វើដំណើរលើផ្លូវដែលមិនមានការអនុញ្ញាត។
ប្រទេសអ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតដល់នាវាទាំងឡាយណាដែលហ៊ានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយគ្មានការអនុញ្ញាតពីខ្លួន ស្របពេលដែលការលិចនាវានេះ បង្ហាញពីហានិភ័យកាន់តែខ្លាំង នៅច្រករបៀងដែនសមុទ្រដ៏សំខាន់បំផុតរបស់ពិភពលោកមួយនេះ៕អត្ថបទដោយ៖ រិទ្ធី






