ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាទទួលស្វាគមន៍នាយទាហានវៀតណាម ២ រូប ចូលរួមបំពេញបេសកកម្មជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) តាមព្រំដែនកម្ពុជា-ថៃ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រសួងការពារជាតិកម្ពុជា បានប្រកាសពីការមកដល់នៃនាយទាហានបន្តវេនចំនួន ២ រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមបំពេញភារកិច្ចក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា ក្រោមការដឹកនាំរបស់ប្រទេសហ្វីលីពីន។ ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានធ្វើឡើងយ៉ាងកក់ក្តៅ កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានវត្តមាននាយទាហានជាន់ខ្ពស់នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា។

ក្រសួងការពារជាតិកម្ពុជា បានប្រកាសពីការមកដល់នៃនាយទាហានបន្តវេនចំនួន ២ រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមបំពេញភារកិច្ចក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា ក្រោមការដឹកនាំរបស់ប្រទេសហ្វីលីពីន។


ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានធ្វើឡើងយ៉ាងកក់ក្តៅ កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានវត្តមាននាយទាហានជាន់ខ្ពស់នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា។ នាយទាហានវៀតណាមទាំងពីររូប រួមមាន វរសេនីយ៍ទោ Do Xuan Thang និងវរសេនីយ៍ត្រី Vu Manh Thang នឹងចូលរួមបំពេញអាណត្តិក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងតាមដានរបាយការណ៍ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន ដើម្បីធានាឱ្យបាននូវការអនុវត្តវិធានការនានាស្របតាមសេចក្តីប្រកាសរួម។


កម្ពុជាបានគូសបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទី និងអាណត្តិរបស់ក្រុម AOT ដែលជាយន្តការមិនអាចខ្វះបានក្នុងការជំរុញតម្លាភាព គណនេយ្យភាព និងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ កម្ពុជាបន្តបើកចំហ និងស្វាគមន៍ជានិច្ចចំពោះការចូលរួមចំណែកបន្ថែមពីបណ្តាប្រទេសជាមិត្ត។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងម៉ឺងម៉ាត់បំផុត ក្នុងការបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា រួមមាន៖ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សំដៅស្តារប្រក្រតីភាព ក៏ដូចជាធានាឱ្យបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងតាមតំបន់ព្រំដែន៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…