សហគ្រាសរដ្ឋថ្នាក់កណ្តាលរបស់ចិន Sinomach Heavy Equipment Group Co., Ltd. ដែលវិនិយោគក្នុងគម្រោងស្ថានីយ៍អគ្គិសនីបូមទឹករក្សាទុកស្ទឹងតាដែផ្នែកខាងលើ (Upper Tatay Pumped Storage Power Station) នៅប្រទេសកម្ពុជា សម្រេចបាននូវវឌ្ឍនភាពថ្មីមួយ។ Sinomach Heavy Equipment បានប្រកាសថា គម្រោងនេះទទួលបានលិខិតបញ្ជាក់ការចុះបញ្ជីវិនិយោគនៅក្រៅប្រទេសពីគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន ព្រមទាំងវិញ្ញាបនប័ត្រវិនិយោគនៅក្រៅប្រទេសសម្រាប់សហគ្រាសដែលចេញដោយក្រសួងពាណិជ្ជកម្ម ដោយបានបំពេញនីតិវិធីអនុញ្ញាតវិនិយោគនៅក្រៅប្រទេសសំខាន់ៗពាក់ព័ន្ធរួចរាល់។
គម្រោងនេះស្ថិតនៅក្នុងតំបន់អាងទន្លេតាដែក្នុងខេត្តកោះកុងប្រទេសកម្ពុជា ដោយមានអានុភាពដំឡើងសរុបតាមផែនការ ១០០០មេហ្គាវ៉ាត់ វិនិយោគសរុបប្រមាណ ៩៩៦លានដុល្លារអាមេរិក និងគ្រោងដំឡើងម៉ាស៊ីន ៤គ្រឿង ដោយម៉ាស៊ីននីមួយៗមានសមត្ថភាព ២៥០មេហ្គាវ៉ាត់។ គម្រោងនឹងត្រូវអនុវត្តតាមគំរូ «សាងសង់-ប្រតិបត្តិការ-ផ្ទេរ» (BOT) ដោយរយៈពេលប្រតិបត្តិការពាណិជ្ជកម្ម ៤០ឆ្នាំ។
គម្រោងនេះកន្លងមកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រឹះពាក់ព័ន្ធជាមួយក្រសួងរ៉ែ និងថាមពលកម្ពុជា និងអគ្គិសនីកម្ពុជា (EDC) ហើយក៏ទទួលបានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ Sinomach Heavy Equipment ក្នុងឆ្នាំ២០២៥។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំនេះ កម្ពុជាធ្លាប់បានរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោង។
ប៉ុន្តែ Sinomach Heavy Equipment បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានចុងក្រោយថា ពេលវេលាសាងសង់ជាក់លាក់នៃគម្រោងនេះមិនទាន់ត្រូវបានកំណត់នៅឡើយ។ ក្រុមហ៊ុនក៏បានរំលឹកផងដែរថា ដោយសារតែគម្រោងមានទំហំវិនិយោគធំ និងរយៈពេលអនុវត្តកិច្ចសន្យាយូរអង្វែង វានៅតែប្រឈមនឹងហានិភ័យនៃការសាងសង់ ការអនុវត្តកិច្ចព្រមព្រៀង និងការផ្លាស់បូរច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុកជាដើម។
ស្ថានីយ៍អគ្គិសនីបូមទឹករក្សាទុកអាចប្រើប្រាស់ថាមពលអគ្គិសនីដែលនៅសល់ច្រើនដើម្បីបូមទឹកទៅរក្សាទុកនៅទីកន្លែងខ្ពស់ រួចបញ្ចេញទឹកត្រឡប់មកវិញដើម្បីផលិតអគ្គិសនីក្នុងពេលត្រូវការប្រើប្រាស់ខ្ពស់ ដើម្បីដើរតួជាការស្តុកទុកថាមពល និងសម្រួលដំណើរការបណ្តាញអគ្គិសនី។ សម្រាប់កម្ពុជា គម្រោងនេះមានសក្តានុពលជួយពង្រឹងសមត្ថភាពកាត់បន្ថយបន្ទុកអគ្គិសនីនៅពេលតម្រូវការខ្ពស់ (peak shaving) និងបង្កើនស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនី។
ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៃថាមពលកកើតឡើងវិញដូចជាថាមពលព្រះអាទិត្យ គម្រោងស្ទឹងតាដែផ្នែកខាងលើត្រូវបានគេសង្ឃឹមថានឹងគាំទ្រដល់ការតភ្ជាប់ថាមពលបៃតងបន្ថែមទៀតចូលទៅក្នុងបណ្តាញអគ្គិសនី។ ប៉ុន្តែ គម្រោងនឹងចូលដល់ដំណាក់កាលសាងសង់ជាក់ស្តែងនៅពេលណានោះ នៅត្រូវរង់ចាំការបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មានបន្តបន្ទាប់។







