នៅមជ្ឈមណ្ឌលពិព័រណ៍ Paris Nord Villepinte ក្នុងរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង នារសៀលថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទស្សនាពន្លាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ Salon International de l'Alimentation (SIAL Paris 2026)។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណៈប្រតិភូអមដំណើរ តំណាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង តំណាងគម្រោង EU-German GATE នៃអង្គការ GIZ កម្ពុជា រួមជាមួយតំណាងក្រុមហ៊ុន-សហគ្រាសកម្ពុជា និងដៃគូពាណិជ្ជកម្មអន្តរជាតិជាច្រើនរូប។
ក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការគាំទ្រពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បានរៀបចំពន្លាជាតិកម្ពុជា (Cambodia Pavilion) នេះឡើងក្រោមមូលបទ «Cambodia: Basket of Wonders» ក្នុងគោលបំណងលើកកម្ពស់វត្តមាន និងកិត្យានុភាពរបស់កម្ពុជា ជំរុញការនាំចេញ និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងនាមជាដៃគូផ្គត់ផ្គង់ដ៏គួរឱ្យទុកចិត្តលើទីផ្សារអន្តរជាតិ។
ពន្លាជាតិកម្ពុជាត្រូវបានរចនាយ៉ាងប្រណីតលេចធ្លោ ដោយបង្កប់នូវអត្តសញ្ញាណខ្មែរយ៉ាងច្បាស់លាស់ ព្រមទាំងបានប្រមូលផ្តុំក្រុមហ៊ុន-សហគ្រាសកម្ពុជាប្រមាណ ១៦ ក្រុមហ៊ុន មកដាក់តាំងបង្ហាញផលិតផលសក្តានុពលខ្ពស់ រួមមាន៖ គ្រាប់ស្វាយចន្ទី ផ្លែឈើសម្ងួត (ជាពិសេសស្វាយសម្ងួត) ម្រេច គ្រឿងទេស ម្ហូបពាក់កណ្តាលសម្រេច (Ready-to-Cook) និងផលិតផលកែច្នៃប្រកបដោយគុណភាពជាច្រើនមុខទៀត៕
ដោយ៖ ប៉ៃ សុឃីម










