រដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ា បានចេញផ្សាយរូបភាពដ៏កម្រមួយចំនួនកាលពីថ្ងៃទី១៩ ខែតុលាម្សិលមិញនេះ របស់អតីតមេដឹកនាំស៊ីវិលដែលកំពុងជាប់ឃុំ គឺលោកស្រី អ៊ុងសាន ស៊ូជី ដោយបានអះអាងថា មន្ត្រីរដ្ឋាភិបាលបានប្រគល់សៀវភៅ និងសំបុត្រពីព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គឆាលស៍ ជូនដល់លោកស្រីផ្ទាល់។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គម មន្ត្រីរដ្ឋាភិបាលបានប្រគល់សៀវភៅចំនួន ២ ក្បាលដែលមានចំណងជើង គឺ The Land Gardeners: Soil To Table និង Soil: The World At Our Feet រួមជាមួយនឹងស្រោមសំបុត្របិទជិត និងសារការទូតដែលបញ្ជូនពីព្រះមហាក្សត្រអង់គ្លេសផ្ទាល់។

ការបញ្ជូនអំណោយ និងសារនេះ បង្ហាញឱ្យឃើញពីទំនាក់ទំនងអន្តរជាតិដ៏កម្រមួយជាមួយលោកស្រី ស៊ូជី ដែលទីតាំងស្នាក់នៅ និងសុខភាពរបស់លោកស្រី ត្រូវបានលាក់បាំងយ៉ាងខ្លាំង ចាប់តាំងពីការធ្វើរដ្ឋប្រហារឆ្នាំ ២០២១ មក ខណៈដែលរហូតមកទល់ពេលនេះ គ្មានមេដឹកនាំបរទេស ឬបេសកជនណា អាចចូលជួបលោកស្រីជាសាធារណៈបានឡើយ បើទោះបីជាមានសំណើសុំជាច្រើនក៏ដោយ។
លោកស្រី ស៊ូជី បច្ចុប្បន្នមានវ័យ ៨១ ឆ្នាំ បានរងការឃុំខ្លួនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ នៅពេលដែលរបបយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋបាលរបស់លោកស្រី និងចាប់ខ្លួនមេដឹកនាំស៊ីវិលនានា។ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងលំនៅឋានវិញកាលពីខែមេសា បន្ទាប់ពីការបោះឆ្នោត ឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ារបស់លោក មីន អ៊ុងឡាំង។
បច្ចុប្បន្ន លោកស្រីកំពុងស្ថិតក្នុងការអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១៨ ឆ្នាំ ក្រោមការចោទប្រកាន់លើបទល្មើសជាច្រើន រាប់ចាប់តាំងពីការញុះញង់ និងអំពើពុករលួយ រហូតដល់ការបន្លំសន្លឹកឆ្នោត និងការបំពានច្បាប់សម្ងាត់របស់រដ្ឋ ដែលការចោទប្រកាន់ទាំងនោះ ត្រូវបានលោកស្រីបដិសេធចោលទាំងស្រុង៕អត្ថបទដោយ៖ រិទ្ធី







