ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បដិមា «ព្រះគោ ព្រះកែវ» ដ៏ស្កឹមស្កៃ បង្ហាញពីការគោរពទៅលើជំនឿ បារមី ភាពរុងរឿង និងបញ្ជ្រាបតម្លៃវប្បធម៌ជាតិ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

បដិមា «ព្រះគោ ព្រះកែវ» ដ៏ស្កឹមស្កៃត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ដើម្បីដាក់ដម្កល់យ៉ាងតេជះ នៅលើទីតាំងរង្វង់មូលចាស់ ដែលពីមុនជាទីតាំងព្រះវិស្ណុជិះគ្រុឌ។ ទីតាំងរង្វង់មូលចាស់នេះ ពីមុនធ្លាប់ជាទីតាំងតម្កល់ «ព្រះវិស្ណុគង់លើស្តេចគ្រុឌ» ដែលបច្ចុប្បន្នត្រូវបានដង្ហែទៅដាក់ដម្កល់នៅខេត្តសៀមរាបវិញ។

បដិមា «ព្រះគោ ព្រះកែវ» ដ៏ស្កឹមស្កៃត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ដើម្បីដាក់ដម្កល់យ៉ាងតេជះ នៅលើទីតាំងរង្វង់មូលចាស់ ដែលពីមុនជាទីតាំងព្រះវិស្ណុជិះគ្រុឌ។
ទីតាំងរង្វង់មូលចាស់នេះ ពីមុនធ្លាប់ជាទីតាំងតម្កល់ «ព្រះវិស្ណុគង់លើស្តេចគ្រុឌ» ដែលបច្ចុប្បន្នត្រូវបានដង្ហែទៅដាក់ដម្កល់នៅខេត្តសៀមរាបវិញ។ ការរៀបចំដាក់ដម្កល់បដិមាព្រះគោព្រះកែវថ្មីនេះ នាំមកនូវមុខមាត់ថ្មីយ៉ាងស្រស់ស្អាតសម្រាប់ក្រុងសំរោង ព្រមទាំងបង្ហាញពីការគោរពទៅលើជំនឿ បារមី ភាពរុងរឿង សេចក្តីសុខសាន្ត និងស្មារតីស្នេហាជាតិរបស់ប្រជាជនខ្មែរ។

ការសាងសង់រង្វង់មូលបដិមា «ព្រះគោ ព្រះកែវ» នាពេលនេះ គឺមានគោលបំណងអភិរក្ស និងលើកតម្កើងសិល្បៈវប្បធម៌ខ្មែរ ព្រមទាំងបញ្ជ្រាបតម្លៃវប្បធម៌ជាតិទៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឍន៍និងការអភិរក្ស។

«រឿងព្រេងព្រះគោ ព្រះកែវ» គឺជារឿងព្រេងនិទានបែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយរបស់ខ្មែរ ដែលត្រូវបានចងក្រងឡើងដើម្បីឆ្លុះបញ្ចាំងពីការឈឺចាប់ និងការធ្លាក់ចុះនៃអាណាចក្រខ្មែរ បន្ទាប់ពីការដួលរលំ បន្ទាយលង្វែកកាលពីអតីតកាល។

យោងតាមការសង្ខេបសាច់រឿង តាមបែបទេវកថាបានតំណាលថា៖នៅសម័យលង្វែក មានប្តីប្រពន្ធក្រីក្រតោកយ៉ាកមួយគូ។ ថ្ងៃមួយស្ត្រីជាប្រពន្ធចង់ពិសារស្វាយជូរយ៉ាងខ្លាំង ក៏ឡើងបេះហើយធ្លាក់ស្លាប់។ ប៉ុន្តែទារកនៅក្នុងផ្ទៃមិនស្លាប់ទេ គឺបង្កើតបានមកជាបងប្អូនភ្លោះពីរនាក់ ម្នាក់ជាសត្វគោឈ្មោះ ព្រះគោ និងម្នាក់ទៀតជាមនុស្សឈ្មោះ ព្រះកែវ។ព្រះគោ ជាសត្វគោដ៏មានឫទ្ធិបារមីខ្លាំងពូកែ។

កិត្តិនាមរបស់ព្រះគោព្រះកែវ ល្បីល្បាញដល់ស្តេចសៀម។ ស្ដេចសៀមចង់បានព្រះគោទៅធ្វើជាវត្ថុសិរីមង្គលការពារនគរខ្លួន ក៏បានបញ្ជូន គោយន្តមកភ្នាល់ជល់ជាមួយព្រះគោ។ ទោះបីជាព្រះគោព្យាយាមប្រយុទ្ធយ៉ាងណា ក៏មិនអាចឈ្នះគោយន្តបានឡើយ។ ចុងក្រោយ ព្រះគោព្រះកែវ និងព្រះនាងពៅ បាននាំគ្នាតោងកន្ទុយហោះរត់ តែព្រះនាងពៅរបូតដៃធ្លាក់ស្លាប់។ ទីបំផុត ព្រះគោនិងព្រះកែវ ត្រូវទ័ពសៀមចាប់យកទៅឃុំឃាំងនៅក្នុងកំពែងប្រាំពីរជាន់ឯប្រទេសសៀមបាត់ទៅ។អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…