ឯកឧត្តមបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី បានអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម។
ក្នុងឱកាសនេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ។
លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរ បានធ្វើបទបង្ហាញអំពីប្រវត្តិនៃរបបកម្ពុជាប្រជាធិបតេយ្យ និងព្រឹត្តិការណ៍ដែលបានកើតឡើងនៅអតីតមន្ទីរ ស-២១ ឬគុកទួលស្លែង។ គណៈប្រតិភូក៏បានស្វែងយល់ពីសោកនាដកម្មតាមរយៈភស្តុតាង រូបថត និងស្លាកស្នាមឧក្រិដ្ឋកម្មដែលនៅសេសសល់ ព្រមទាំងរឿងរ៉ាវរបស់ជនរងគ្រោះដែលបានរស់រានមានជីវិត។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី បានបង្ហាញសេចក្តីសោកសង្រេងចំពោះទុក្ខវេទនាដែលជនរងគ្រោះបានឆ្លងកាត់។
សារមន្ទីរទួលស្លែងជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលចូលរួមរក្សាការចងចាំអំពីសោកនាដកម្មក្នុងអតីតកាល និងជួយអប់រំមនុស្សជំនាន់ក្រោយឱ្យយល់ពីតម្លៃនៃសន្តិភាព ការគោរពសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើឃោរឃៅមិនឱ្យកើតឡើងសារជាថ្មី។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ដែលជាអតីតមន្ទីរឃុំឃាំង ស-២១ ក្នុងរបបខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥-១៩៧៩។ សារមន្ទីរនេះរក្សាទុករូបថត ឯកសារ និងស្លាកស្នាមនៃសោកនាដកម្ម ដើម្បីរំឭកដល់ជនរងគ្រោះ អប់រំមនុស្សជំនាន់ក្រោយ និងលើកកម្ពស់ការចងចាំប្រវត្តិសាស្ត្រ សន្តិភាព និងការគោរពសិទ្ធិមនុស្ស៕អត្ថបទដោយ៖ សុភ័ក្រ្ត














