ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអប់រំកែប្រែក្នុងពន្ធនាគារ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសទីពីរដល់ជនជាប់ឃុំ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦នេះ ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ (ស្រី ៧០៣នាក់) បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដើម្បីត្រៀមបំណិនជីវិតសម្រាប់សមាហរណកម្មចូលក្នុងសង្គមវិញ ក្រោយពេលទទួលបានសេរីភាព។ ក្នុងចំណោមនោះ មានសិក្ខាកាមជាជនជាប់ឃុំចំនួន ២៦២នាក់ បានបញ្ចប់ការសិក្សា និងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពជាផ្លូវការ។
យន្តការនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាង ៨ពាន់នាក់នេះ ត្រូវបានបែងចែកជា ៣ទម្រង់ធំៗ រួមមាន៖ ការអនុវត្តសាកល្បងជំនាញ និងមុខរបរជាក់ស្តែង ចំនួន ៤.៥២១នាក់ ការបណ្តុះបណ្តាលដោយអង្គភាពពន្ធនាគារផ្ទាល់ ចំនួន ១.២០៩នាក់ ការបណ្តុះបណ្តាលក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល និងអង្គការដៃគូនានា ចំនួន ២.៤១៩នាក់។
មុខជំនាញដែលត្រូវបានយកចិត្តទុកដាក់បង្វឹកបង្ហាត់ រួមមាន៖ កាត់ដេរ, សម្អាងការ, សំណង់, ជួសជុល និងប្រើប្រាស់កុំព្យូទ័រ, គ្រឿងអេឡិចត្រូនិក, បរិក្ខារត្រជាក់ និងគ្រឿងយន្ត។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានជំរុញការអភិវឌ្ឍផ្នែកសិប្បកម្ម ឧស្សាហកម្មខ្នាតតូច កសិកម្ម និងសំណង់ ស្របតាមសក្តានុពលជាក់ស្តែងនៃពន្ធនាគារនីមួយៗ ព្រមទាំងបន្តស្វែងរកដៃគូវិនិយោគ និងធនធានគាំទ្របន្ថែម។
ក្រៅពីជំនាញបច្ចេកទេស កម្មវិធីអប់រំកែប្រែ និងស្តារនីតិសម្បទាក៏ត្រូវបានពង្រឹងយ៉ាងសកម្មក្នុងការសិក្សាទូទៅ បច្ចុប្បន្នមានថ្នាក់អក្ខរកម្ម ថ្នាក់សមមូល (BEEP) និងភាសាបរទេស សរុប ៩០ថ្នាក់ កំពុងបង្រៀនជនជាប់ឃុំចំនួន ១.៥៨៩នាក់ (ស្រី ១៧៨នាក់) រួមទាំងការរៀនអក្ខរកម្មតាមបន្ទប់ឃុំឃាំងចំនួន ២.១៣៣នាក់បន្ថែមទៀត។
ការអប់រំច្បាប់ និងសីលធម៌ ជនជាប់ឃុំចំនួន ៦៧.៩៤១នាក់ បានទទួលការផ្សព្វផ្សាយអប់រំអំពីបទបញ្ជាផ្ទៃក្នុង ច្បាប់ស្តីពីពន្ធនាគារ ក្រមព្រហ្មទណ្ឌ ផលប៉ះពាល់នៃគ្រឿងញៀន និងការលើកកម្ពស់សីលធម៌សង្គម-សាសនានិងបច្ចេកវិទ្យាឌីជីថល (NomadLab) & ការអាន គម្រោងកម្មវិធីសិក្សាឌីជីថលក្រៅបណ្តាញអ៊ីនធឺណិត (NomadLab) ត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅតាមពន្ធនាគារចំនួន ២៩ទីតាំង ដោយប្រើឧបករណ៍បច្ចេកវិទ្យាចំនួន ១៩៩គ្រឿង និងមានជនជាប់ឃុំចូលរួមសិក្សា ១៧.៨៦១នាក់។ ជាមួយគ្នានោះ ចលនាអានត្រូវបានលើកកម្ពស់ ដោយមានអ្នកចូលអានក្នុងបណ្ណាល័យ ៤៧.៤៣៨នាក់ និងខ្ចីសៀវភៅអាន ៦៦.២៩៥នាក់ ពីមូលនិធិសៀវភៅសរុប ៨៤.៤៧៧ក្បាល។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា មានពន្ធនាគាររាជធានី-ខេត្តចំនួន ២៥ និងមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយកំពុងគ្រប់គ្រងជនជាប់ឃុំសរុបជាង ៧២.០០០នាក់៕ដោយ៖ ប៉ៃ សុឃីម







