កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការស្លៀកពាក់ឯកសណ្ឋានយោធាក្លែងបន្លំ ដើម្បីសុំប្រាក់ និងសម្ភារៈពីប្រជាពលរដ្ឋ។

តាមព័ត៌មានដែលទទួលបាន ជនសង្ស័យទាំងពីរនាក់បានដើរសុំជំនួយតាមវត្តអារាម ផ្សារ និងតាមផ្ទះ ដោយអះអាងថា នឹងយកប្រាក់ និងសម្ភារៈទាំងនោះទៅជួយកងទ័ពជួរមុខ។
ទោះជាយ៉ាងណា តាមចម្លើយសារភាពរបស់ជនសង្ស័យ ប្រាក់ និងសម្ភារៈដែលប្រមូលបាន ត្រូវបានយកទៅលក់ និងប្រើប្រាស់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន មិនមែនយកទៅជួយកងទ័ពដូចការអះអាងនោះទេ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតឯកសណ្ឋានយោធា មួកយោធា ទូរសព្ទដៃ និងឯកសារមួយចំនួន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ករណីនេះជាការរំឭកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុនផ្តល់ប្រាក់ ឬសម្ភារៈដល់អ្នកដែលអះអាងថាប្រមូលជំនួយសម្រាប់កងទ័ព។
អត្ថបទដោយ៖ សុភ័ក្រ្ត












