ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងលើនាវាដឹកអ្នកដំណើរមួយគ្រឿង ដែលដឹកមនុស្សចំនួន ៤២០ នាក់ និងនាវិក ៤០ នាក់ ដោយអគ្គិភ័យ បានឆាបឆេះ ខណៈដែលនាវានេះ កំពុងបើកចូលទៅជិតកំពង់ផែ Merak ភាគពាយព្យប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃអង្គារម្សិលមិញ ដែលបង្ខំឱ្យអ្នកដំណើរជាង ៤០០ នាក់សម្រេចលោតចូលទៅក្នុងទឹកសមុទ្រដើម្បីសង្គ្រោះជីវិតខ្លួនឯង។
នាវា KMP Batumandi បានចេញដំណើរពីកំពង់ផែ Bakauheni ទៅកាន់កំពង់ផែ Merak ខណៈដែលអគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ម៉ាស៊ីន ស្របពេលដែលមូលហេតុនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
ឆ្លើយតបទៅនឹងហេតុការណ៍នេះដែរ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានជំរុញឱ្យប្រតិបត្តិករនាវាទាំងអស់ ត្រូវធានាលក្ខខណ្ឌបច្ចេកទេសនៃនាវារបស់ពួកគេ ដើម្បីឆ្លើយតបនឹងតម្រូវការសុវត្ថិភាព និងបង្កើនការត្រៀមខ្លួនសម្រាប់ស្ថានភាពបន្ទាន់៕អត្ថបទដោយ៖ រិទ្ធី







