ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Ishizuki Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Ishizuki Hideo ព្រមទាំងបង្ហាញជំនឿថា តាមរយៈបទពិសោធន៍ និងសមត្ថភាពរបស់ឯកឧត្តមឯកអគ្គរាជទូត ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន នឹងកាន់តែរឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពង្រីកការដោះដូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីប្រទេសជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។


ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការវិនិយោគផ្ទាល់ពីក្រុមហ៊ុនជប៉ុន។
ជាមួយគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលរៀបចំឡើងជាប្រចាំចំនួន២ដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំនេះជាវេទិកាយុទ្ធសាស្ត្រផ្លូវការសម្រាប់ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានារបស់ធុរជនជប៉ុននៅកម្ពុជា ឱ្យបានទាន់ពេលវេលា៕អត្ថបទដោយ៖ សុភ័ក្រ្ត












