ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំតម្រង់ទិស គម្រោងបា្លស្ទិកឆ្លាតវៃកម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម (Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុប និងដៃគូនៅកម្ពុជា កំពុងសហការគ្នាលើការផ្លាស់ប្តូរ ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការកាត់បន្ថយការបំពុលដោយប្លាស្ទិក។ ឯកឧត្តម បានលើកឡើងពី គម្រោងបា្លស្ទិកឆ្លាតវៃកម្ពុជាដែលបានជំរុញការញែកសំណល់ ឱ្យបានប្រសើរជាងមុន ការប្រមូលទុកដាក់ ឱ្យបានត្រឹមត្រូវ ការកែច្នៃជាសម្ភារៈ មកប្រើប្រាស់ឡើងវិញ ប្រកបដោយភាពឆ្លាតវៃ។
ប្រសិនបើគ្មានការគិតគូលើការឆ្លើយតបនោះទេ បញ្ហាខាងលើបំភាយឧស្ម័នផ្ទះកញ្ចក់ ប្រមាណ ៩,៣ លានតោន។ ក្រោមផែនការអាកាសធាតុរបស់កម្ពុជា (NDC 3.0) កម្ពុជាបានដាក់គោលដៅ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៣,៩ លានតោន ពោលគឺការកាត់បន្ថយ ៥៩% នៅឆ្នាំ២០៣៥។ ដើម្បីសម្រេចគោលដៅនេះ ត្រូវការការអនុវត្ត កិច្ចសហប្រតិបត្តិការបន្ថែម ពីសហភាពអឺរ៉ុបជាមួយកម្ពុជាបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះគម្រោងដែលបានចូលរួមចំណែកដល់ភាពស្អាត នៅកម្ពុជា ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះចូលរួម អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញរយៈពេល៣ឆ្នាំកន្លងមក មានអ្នកចូលរួម ក្នុងយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»សរុបជាង១៤លានអង្គ/នាក់។ យុទ្ធនាការផ្តើមចេញពីការប្តេជ្ញាចិត្តរបស់សិស្សានុសិស្សទូទាំងប្រទេស ជាថាមពលខ្លាំង រុញច្រានការចូលរួមបន្តពីសហគមន៍ ទប់ស្កាត់ការបំពុលដោយប្លាស្ទិក ដែលជាគ្រោះថ្នាក់ ដែលភាគច្រើនមើលមិនឃើញ ចំពោះមនុស្សរាប់លាននាក់ (បង្កឡើងដោយមីក្រូប្លាស្ទិក) ដែលធ្វើឱ្យពិបាកដោះស្រាយ ប្រសិនបើគ្មានវិធានការនិងសកម្មភាពម៉ឺងម៉ាត់។ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាច្រើនតាមរយៈភាពស្អាត ក្នុងគោលបំណងមិនត្រឹមតែធ្វើសកម្មភាពសម្អាត និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប៉ុណ្ណោះទេ ក្រសួងបរិស្ថានមានបំណង កសាងវប្បធម៌នៃការមិនប្រើប្លាស្ទិកប្រកបដោយនិរន្តរភាព។

ឯកឧត្តមបន្ថែមថា កម្ពុជាបានឆ្លងផុតដំណាក់កាល «យុទ្ធនាការផ្សព្វផ្សាយការយល់ដឹង» រួចហើយ ហើយបានឈានចូលដល់ការប្តេជ្ញាចិត្ត និងសកម្មភាព ហើយពេលនេះ បានចូលទៅដល់ចលនា ធ្វើឱ្យកម្ពុជាមានភាពស្អាតជាបណ្តើរៗ។
ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន មិនរំពឹងថានឹងសម្រេចបាន ១០០% នោះទេ ប៉ុន្តែចង់កម្ពុជាមានភាពស្អាត ក្នុងពេលខាងមុខ ឈានដល់ ៨០ទៅ៩០%។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការផ្តល់ជូន ធុងសំរាមសម្រាប់ញែកសំណល់ (ទំនងជាធុងបីនៅទីតាំងនីមួយៗ) ត្រូវបានដាក់នៅតាមសាលារៀន វត្តអារាម និងមណ្ឌលសុខភាព និងទីសាធារណៈនានា នៅទូទាំងប្រទេសចំនួនជាង៦ម៉ឺនធុង។ «សិស្សនាំយកសំណល់ប្លាស្ទិកមកសាលារៀន ហើយការរៀបចំកែច្នៃឡើងវិញ ឬការប្រមូលអេតចាយ បានប្រែក្លាយសំណល់ទាំងនោះទៅជាប្រាក់ចំណូល»។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែម។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ការលើកទឹកចិត្ត ឱ្យបន្តកិច្ចសហប្រតិបត្តិការលើគម្រោង Plastic Smart Cambodia និងការគាំទ្រពីសហភាពអឺរ៉ុប និងអង្គការដៃគូ ជាមួយក្រសួងបរិស្ថាន ដែលមានគោលដៅដូចគ្នា។ ជាមួយគ្នានេះ ការលើកកម្ពស់ជម្រើសជំនួសប្លាស្ទិក ដែលមិនប៉ះពាល់ដល់បរិស្ថាន ឬដែលអាចរលាយបានដោយធម្មជាតិ ដែលចាំបាច់មានការសហការជាមួយក្រុមហ៊ុន ផ្នែកឯកជន និងអ្នកផលិតក្នុងស្រុក នឹងក្លាយជាជម្រើសជំនួសឱ្យប្លាស្ទិក និងបង្កើតប្រាក់ចំណូល និងការងារ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា ក្នុងរយៈពេល២១ខែដំបូង គម្រោងបា្លស្ទិកឆ្លាតវៃកម្ពុជា បានធ្វើការផ្លាស់ប្តូរ នៅតាមមូលដ្ឋាន ខណៈពេលដែលគោលនយោបាយ ប្រជាពលរដ្ឋនៅតាមសហគមន៍គោលដៅ បានរៀបចំ ឱ្យមានការទាញយកប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋាន ដើរទៅមុខជាមួយគ្នា។ គម្រោងនេះកំពុងផ្តល់នូវមធ្យោបាយជាក់ស្តែងក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិក និងកែលម្អការគ្រប់គ្រងសំណល់នៅមូលដ្ឋាន។ នៅក្នុងផែនការបន្ត សហភាពអឺរ៉ុបក៏គាំទ្រផងដែរ ការទាក់ទាញការវិនិយោគបៃតង ប្រកបដោយគុណភាព និងអាចធ្វើជាគំរូ ដើម្បីចីរភាពបរិស្ថាននៅកម្ពុជា៕ដោយ៖ ស្រីពី






