ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ និងបង្ហូរឈាមដ៏ខ្លាំងរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងរកផ្លូវចេញឃើញ បន្ទាប់ពីភាគីពាក់ព័ន្ធទាំងអស់សម្រេចចិត្ត ចាប់ដៃគ្នា សារជាថ្មី ដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ក្តៅគគុកមួយ ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលកាលពីថ្ងៃពុធ ទី២១ ខែតុលាម្សិលមិញនេះ ប្រទេសរុស្ស៊ីបានយល់ព្រមបើកកិច្ចចរចាត្រីភាគីជាថ្មីជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅខែក្រោយនេះ ក្នុងគោលបំណងបិទបញ្ចប់សង្រ្គាមមួយនេះ។
បន្ទាប់ពីកិច្ចប្រជុំបិទទ្វារក្នុងទីក្រុងសេន ភីថឺ បឺក (St. Petersburg) រវាងមេដឹកនាំរុស្ស៊ី និងបេសកជនពិសេសអាមេរិក គឺលោក ស្ទីវ វីតកូហ្វ (Steve Witkoff) លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសយល់ព្រម ក្នុងការចាប់ផ្តើមការចរចាឡើងវិញ បន្ទាប់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះ។
កិច្ចពិភាក្សារវាងលោក វីតកូហ្វ និងលោក ពូទីន ជុំវិញសង្រ្គាមឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីនេះ ធ្វើឡើងស្របពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើអ៊ុយក្រែន ដើម្បីបង្ខំឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបញ្ចប់ការប្រយុទ្ធគ្នាភ្លាមៗ។
គួររំលឹកផងដែរថា តំណាងមកពីប្រទេសទាំង ៣ រុស្ស៊ី អ៊ុយក្រែន អាមេរិក ធ្លាប់បានបើកកិច្ចចរចាចំនួន ៣ លើករួចមកហើយកាលពីដើមឆ្នាំនេះ ដោយបានជួបប្រជុំគ្នានៅទីក្រុងអាបូដាប៊ី (Abu Dhabi) កាលពីខែមករា និងខែកុម្ភៈ មុនពេលបន្តកិច្ចពិភាក្សានៅក្នុងទីក្រុងហ្សឺណែវ (Geneva) ក្នុងខែកុម្ភៈដដែល។
តែទោះជាយ៉ាងណា ការរីកចម្រើនជាក់ស្តែងក្នុងកិច្ចចរចារកន្លងមកគឺមានតិចតួចបំផុត ក្រៅពីការដោះដូរឈ្លើយសឹក ខណៈដែលទាំងរុស្ស៊ី និងអ៊ុយក្រែន នៅតែប្រកាន់ខ្ជាប់នូវ គោលការណ៍ និងការទាមទារ រៀងៗខ្លួន៕ ដោយ៖ រិទ្ធី







