ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមនាវាទេសចរណ៍ Viking Venus ដោយភាពរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ពិធីនេះធ្វើឡើងក្រោមការណែនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដោយមានលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត រួមជាមួយអភិបាលរងក្រុង និងមន្ទីរជំនាញពាក់ព័ន្ធ ចូលរួមទទួលស្វាគមន៍ភ្ញៀវទេសចរ។

ក្នុងឱកាសនោះ ភ្ញៀវទេសចរបានទទួលការស្វាគមន៍តាមរយៈការសម្តែងរបាំជូនពរ និងការប្រគល់ក្រមាខ្មែរ ជាវត្ថុអនុស្សាវរីយ៍តំណាងឱ្យវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ បង្កើតបរិយាកាសរីករាយ និងបង្ហាញពីភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។
នាវាទេសចរណ៍ Viking Venus បានចូលចតនៅខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយមានភ្ញៀវទេសចរចំនួន ៨៥៦ នាក់ ក្នុងនោះស្ត្រី ៤៤៨ នាក់ មកពី ២៧ សញ្ជាតិ និងនាវិកចំនួន ៤៦៧ នាក់ មកពី ៣៥ សញ្ជាតិ។ នាវានេះមានបណ្តោយ ២២៨,៣០ ម៉ែត្រ និងទទឹង ២៨,៨០ ម៉ែត្រ ដោយធ្វើដំណើរមកពីប្រទេសវៀតណាម ស្នាក់នៅកម្ពុជារយៈពេលមួយយប់ ហើយគ្រោងបន្តដំណើរទៅប្រទេសថៃ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ សញ្ជាតិអាម៉េរិកមានចំនួនច្រើនជាងគេ គឺ ៦៨៦ នាក់ និង សញ្ជាតិអូស្ត្រាលីចំនួន ៥២ នាក់ ។
ការមកដល់របស់នាវាទេសចរណ៍អន្តរជាតិនេះ បានបង្ហាញពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គម ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់សម្រួលចរាចរណ៍ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត ដើម្បីធានាឱ្យភ្ញៀវទេសចរទទួលបានភាពងាយស្រួល សុវត្ថិភាព និងបទពិសោធន៍ទេសចរណ៍ដ៏ល្អប្រសើរ ព្រមទាំងរួមចំណែកផ្សព្វផ្សាយសម្រស់ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាទៅកាន់ពិភពលោក៕
អត្ថបទ ៖ ប៉ៃ សុឃីម រូបភាព ៖ ឡាយ ចាន់ដា




















