ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថាកម្ពុជាប្រើប្រាស់ប្រាសាទបុរាណសម្រាប់គោលបំណងយោធា ដោយបញ្ជាក់ថា ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលត្រូវការការការពារ និងអភិរក្ស មិនមែនជាមូលដ្ឋានយោធា ឬឧបករណ៍នយោបាយឡើយ។
ក្រសួងបានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការការពារបេតិកភណ្ឌវប្បធម៌ ស្របតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ ព្រមទាំងចាត់ទុកការអភិរក្សប្រាសាទបុរាណជាកាតព្វកិច្ចសំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានេះ កម្ពុជាបានតវ៉ាចំពោះវត្តមានកងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវិទ្យាផ្សេងទៀតតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដោយអះអាងថា សកម្មភាពទាំងនេះធ្វើឡើងដោយគ្មានការអនុញ្ញាតពីកម្ពុជា និងបង្កការព្រួយបារម្ភចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី។
កម្ពុជាក៏បានលើកឡើងពីការខូចខាតប្រាសាទព្រះវិហារ និងទីតាំងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ក្នុងអំឡុងការប៉ះទង្គិចប្រដាប់អាវុធនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យមានការការពារបេតិកភណ្ឌ និងការទទួលខុសត្រូវចំពោះការខូចខាតដែលបានកើតឡើង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ការចោទប្រកាន់ដែលកម្ពុជាចាត់ទុកថាគ្មានមូលដ្ឋាន និងបញ្ឈប់សកម្មភាពឯកតោភាគីនៅតាមទីតាំងបេតិកភណ្ឌរបស់កម្ពុជា ព្រមទាំងជំរុញឱ្យដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់តាមរយៈមធ្យោបាយសន្តិវិធី និងយន្តការទ្វេភាគី ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។
លើសពីនេះ កម្ពុជាបានទាមទារឱ្យមានការប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណដែលត្រូវបានអះអាងថា យកចេញពីប្រាសាទខ្នារ និងដឹកទៅប្រទេសថៃ។
កម្ពុជាបញ្ជាក់ជំហរថា ប្រាសាទបុរាណត្រូវបានការពារ និងអភិរក្សក្នុងនាមជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ មិនត្រូវយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយ ឬជាទីតាំងប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាឡើយ ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីគោរពច្បាប់អន្តរជាតិ និងបំពេញកាតព្វកិច្ចក្នុងការការពារបេតិកភណ្ឌវប្បធម៌។អត្ថបទដោយ ៖សុភ័ក្រ្ត







