អាជ្ញាធរសុខាភិបាលប្រទេសបារាំងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា វីរុស Shamonda ត្រូវបានរកឃើញឆ្លងនៅលើរាងកាយមនុស្សជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ។
អ្នកជំងឺម្នាក់ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរនៅមជ្ឈមណ្ឌលថែទាំអ្នកជំងឺក្នុងទីក្រុង Lyon បានទទួលមរណភាពកាលពីដើមខែតុលា បន្ទាប់ពីបានឆ្លងវីរុសនេះ ដែលកន្លងមកត្រូវបានចាត់ទុកថា មិនអាចឆ្លងមកលើមនុស្សបាននោះឡើយ។
ទោះបីជាវីរុសនេះបានឆ្លងរាលដាល និងផ្លាស់ទីអស់រយៈពេលជាច្រើនទសវត្សរ៍នៅក្នុងទ្វីបអាហ្វ្រិក និងអាស៊ីក៏ដោយ ប៉ុន្តែមិនដែលធ្លាប់មានករណីឆ្លងលើមនុស្សត្រូវបានកត់ត្រានោះទេ។ វីរុសដែលចម្លងតាមរយៈសត្វល្អិតនេះ ភាគច្រើនបង្ករោគលើសត្វពាហនៈ ហើយទើបតែបង្ហាញវត្តមានជាលើកដំបូងនៅទ្វីបអឺរ៉ុប ក្នុងអំឡុងរដូវក្តៅឆ្នាំនេះប៉ុណ្ណោះ ខណៈដែលក្រុមអ្នកជំនាញជឿជាក់ថា សីតុណ្ហភាពកើនឡើងខ្ពស់ខុសធម្មតានៅទ្វីបអឺរ៉ុប អាចជាកត្តាជួយជំរុញឱ្យវីរុសនេះ រាលដាលចូលមកដល់ទ្វីបនេះ។
រោគសញ្ញានៃវីរុស Shamonda នេះ ដែលបង្កលើសត្វពាហនៈ រួមមានក្តៅខ្លួន រាករូស និងការធ្លាក់ចុះកម្រិតទឹកដោះភ្លាមៗក្នុងចំណោមហ្វូងសត្វគោក្របី ខណៈដែលបច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំង ឬថ្នាំប្រឆាំងវីរុសផ្លូវការណាមួយ សម្រាប់ព្យាបាលជំងឺ Shamonda នេះនៅឡើយទេ។
វីរុស Shamonda ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសនីហ្សេរីយ៉ា អំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ ហើយចាប់តាំងពីពេលនោះមក វីរុសនេះបានឆ្លងរាលដាលលើសត្វពាហនៈនៅក្នុងទ្វីបអាហ្វ្រិក និងប្រទេសជប៉ុន និងទើបតែលេចឡើងនៅទ្វីបអឺរ៉ុបជាលើកដំបូងក្នុងរដូវក្តៅនេះ ដោយឆ្លងកាត់តាមកសិដ្ឋានចិញ្ចឹមគោក្របី នៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ និងស្វីស៕អត្ថបទ៖ រិទ្ធី







