ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុសហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង បានរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាទេសចរណ៍រដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព កីឡាដើម្បីទេសចរណ៍» ដោយមានការចូលរួមពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន កីឡាករ កីឡាការិនី យុវជន និងភ្ញៀវទេសចរជាច្រើនកុះករ នៅឆ្នេរឡុងសិត ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សុខភាព សាមគ្គីភាព និងផ្សារភ្ជាប់វិស័យកីឡាជាមួយវិស័យទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។


ព្រឹត្តិការណ៍នេះក៏មានសកម្មភាពកីឡាចម្រុះ រួមមាន ការប្រកួតបាល់ទះលើឆ្នេរខ្សាច់ ការប្រណាំងទូកកាយ៉ាក់ ការរត់ប្រណាំងឆ្លងកាត់ឧបសគ្គ និងការរត់កម្សាន្តតាមភ្លេង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនា ស្នាក់នៅ និងកម្សាន្តនៅក្រុងកោះរ៉ុងកាន់តែច្រើន។
ជាមួយគ្នានេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានអំពាវនាវដល់អាជ្ញាធរ វិស័យឯកជន និងប្រជាពលរដ្ឋ បន្តចូលរួមលើកកម្ពស់វិស័យកីឡា ការថែរក្សាបរិស្ថាន និងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីរួមគ្នាបង្កើនភាពទាក់ទាញ និងលើកកម្ពស់ក្រុងកោះរ៉ុងឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល។

លោក សាមុត សុធារិទ្ធ ក៏បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយលើកកម្ពស់សុខភាព និងសាមគ្គីភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕អត្ថបទ ៖ ប៉ៃ សុឃីម រូបភាព ៖ កែវ ដារ៉ា











