យោងតាមរបាយការណ៍បច្ចុប្បន្នស្ដីពីការប្រែប្រួលអាកាសធាតុ បានបង្ហាញឱ្យដឹងថា ប្រទេសវៀតណាម អាចប្រឈមមុខនឹងព្យុះទីហ្វុងកម្រិតយក្ស ដែលមានកម្លាំងបំផ្លិចបំផ្លាញប្រហាក់ប្រហែលនឹង ព្យុះ Yagi ដែលជាព្យុះដ៏ខ្លាំងបំផុតវាយប្រហារប្រទេសនេះក្នុងរយៈពេល ៧០ ឆ្នាំ កាលពីឆ្នាំ ២០២៤ ក្នុងអត្រាជាមធ្យម រៀងរាល់ ៧ ឆ្នាំម្តង ប្រសិនបើសីតុណ្ហភាពសកលកើនឡើងដល់ ៤ អង់ស្សាសេ។
ក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតខ្ពស់ ចំនួនថ្ងៃក្តៅ អាចនឹងកើនឡើងជាង ៥០ ថ្ងៃនៅចុងសតវត្សរ៍ទី ២១ ខណៈដែលចំនួនថ្ងៃដែលមានកំដៅខ្លាំងបំផុតអាចនឹងកើនឡើងប្រមាណ ២០ ថ្ងៃ ហើយប្រសិនបើកំដៅផែនដីកើនឡើង ២ អង់ស្សាសេ វៀតណាមអាចជួបប្រទះព្យុះទីហ្វុងកម្រិតយក្សនេះ ក្នុងអត្រា ១ ដងក្នុងរយៈពេល ១៣ ឆ្នាំ បើកើនកម្រិត ៣ អង់ស្សាសេ នឹងកើតឡើងដល់ ១ ដងក្នុងរយៈពេល ៩ ឆ្នាំ បើកើនកម្រិត ៤ អង់ស្សាសេ នឹងកើតឡើងរៀងរាល់ ៧ ឆ្នាំម្តង។
គួរបញ្ជាក់ផងដែរថា ព្យុះ Yagi បានវាយប្រហារឆ្នេរសមុទ្រភាគខាងជើងរបស់វៀតណាមក្នុងខេត្ត Quang Ninh និងទីក្រុង Hai Phong កាលពីខែកញ្ញា ឆ្នាំ ២០២៤ ជាមួយនឹងល្បឿនខ្យល់បក់បោកខ្លាំងរហូតដល់ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបណ្តាលឱ្យមនុស្សចំនួន ៣១៨ នាក់បាត់បង់ជីវិត និងខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រមាណ ៣.៣ ពាន់លានដុល្លារអាមេរិកនោះ៕អត្ថបទ៖ រិទ្ធី







