ឯកឧត្តម ហេង រតនាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាពន្យល់អំពីអត្ថន័យ ខ្ទមផ្ទះស្លឹកត្នោត បង្ហាញខ្លួនក្នុងសារមន្ទីរតេជោសន្តិភាពថា៖ខ្ទមផ្ទះស្លឹកត្នោតដ៏សាមញ្ញមួយនៅក្នុងអគារដ៏រឹងមាំ និងធំទូលាយនៃសារមន្ទីរតេជោសន្តិភាព បានក្លាយជាចំណុចដែលទាក់ទាញចំណាប់អារម្មណ៍ និងបង្កឱ្យមានចម្ងល់ពីមហាជនមួយចំនួន។ ប៉ុន្តែខ្ទមតូចនេះមិនមែនគ្រាន់តែជាវត្ថុតាំងបង្ហាញនោះទេ គឺជានិមិត្តរូបនៃជីវភាពលំបាកវេទនារបស់ប្រជាជនកម្ពុជា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋជាច្រើនត្រូវបានបង្ខំឱ្យចាកចេញពីទីក្រុង ប្រឈមនឹងការងារហួសកម្លាំង ការខ្វះខាតអាហារ និងការរស់នៅក្នុងទីជម្រកមិនសមរម្យ។ ស្ថានភាពទាំងនេះបានបន្សល់ទុកនូវស្នាមរបួសយ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រ និងជីវិតរបស់ប្រជាជនខ្មែរ។

ការដាក់តាំងខ្ទមផ្ទះស្លឹកត្នោតនៅក្នុងសារមន្ទីរ គឺជាមធ្យោបាយមួយដើម្បីរំឭកពីអតីតកាល និងជួយឱ្យអ្នកទស្សនាយល់កាន់តែច្បាស់ពីការលំបាកដែលប្រជាពលរដ្ឋបានឆ្លងកាត់។ ទោះមានរូបរាងសាមញ្ញក៏ដោយ ខ្ទមនេះផ្ទុកនូវអត្ថន័យដ៏ធំធេងអំពីការឈឺចាប់ ការតស៊ូ និងតម្លៃនៃជីវិតមនុស្ស។

ជាមួយគ្នានេះ សារមន្ទីរតេជោសន្តិភាព ក៏មានការតាំងបង្ហាញរូបភាព ខ្លឹមសារ និងភស្តុតាងពាក់ព័ន្ធនឹងដំណាក់កាលប្រវត្តិសាស្ត្រផ្សេងៗ ដែលកម្ពុជាបានឆ្លងកាត់ទាំងសង្គ្រាម និងសន្តិភាព ចាប់ពីឆ្នាំ១៨៦៣ រហូតដល់ចុងឆ្នាំ១៩៩៨។
ការតាំងបង្ហាញនេះមានគោលបំណងជួយឱ្យសាធារណជន និងយុវជនជំនាន់ក្រោយស្វែងយល់ពីប្រវត្តិសាស្ត្រជាតិ ចេះឱ្យតម្លៃលើសន្តិភាព សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងចូលរួមថែរក្សាកុំឱ្យសោកនាដកម្មក្នុងអតីតកាលកើតឡើងសារជាថ្មី។អត្ថបទដោយ៖ សុភ័ក្រ្ត









