អាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមមួយ ដោយបានស្ទាក់ចាប់ និងរឹបអូសសារធាតុញៀន កេតាមីន (Ketamine) ទម្ងន់រហូតដល់ទៅ ១.១៦ តោន ពីលើនាវាដឹកប្រេងជ្រកក្រោមទង់ជាតិប្រទេសម៉ុងហ្គោលី ដែលបានចាកចេញពីប្រទេសម៉ាឡេស៊ី នៅក្នុងដែនទឹកនៃខេត្តស៊ូម៉ាត្រាខាងជើងកាលពីដើមសប្តាហ៍នេះ។
នៅក្នុងប្រតិបត្តិការស្ទាក់ចាប់នាវានេះ កងកម្លាំងសមត្ថកិច្ចឥណ្ឌូនេស៊ី បានឃាត់ខ្លួនមនុស្សចំនួន ៨ នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៧ នាក់ ជនជាតិតៃវ៉ាន់ ១ នាក់ ខណៈដែលថ្នាំញៀនប្រភេទកេតាមីនទាំងអស់នោះ ត្រូវបានលាក់ទុកនៅក្នុងបាវចំនួន ៥៨ បាវ ដែលមានទម្ងន់សរុប ១.១៦ តោន ដែលមានតម្លៃនៅលើទីផ្សារងងឹតប្រមាណ ១៩២ លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី ត្រូវគេស្គាល់ថាជាប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតមួយនៅក្នុងពិភពលោក រួមទាំងទោសប្រហារជីវិតចំពោះបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ។
ជាក់ស្តែង កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចកាត់ទោសប្រហារជីវិតដោយការបាញ់សម្លាប់លើជនជាតិអូស្ត្រាលី ២ នាក់ ដែលជាសមាជិកនៃក្រុមជួញដូរគ្រឿងញៀនដ៏ល្បីឈ្មោះ «Bali Nine» បន្ទាប់ពីពួកគេបានប៉ុនប៉ងនាំចេញថ្នាំញៀនប្រភេទហេរ៉ូអ៊ិន ចេញពីកោះទេសចរណ៍បាលី៕អត្ថបទ៖ រិទ្ធី







