ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមគោលដៅសំខាន់ៗ ជូនដល់ក្រុមម៉ូតូធំ (Satunadi MC Cambodia) ក្នុងឱកាសប្រារព្ធពិធីគម្រប់ខួបលើកទី៥ នៃការបង្កើតក្លឹប។




ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចមុខវេទិកា ៧មករា និងតំបន់រង្វង់មូលតោពីរ ដែលជាចំណុចកណ្តាលនៃក្បួនដង្ហែរម៉ូតូធំសរុបជាង ២០០គ្រឿង ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
ការចូលរួមសម្រួលសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពពីសំណាក់កម្លាំងនគរបាលនាពេលនេះ មិនត្រឹមតែធានាបាននូវរបៀបរៀបរយ និងសុវត្ថិភាពចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សក្ដានុពល នៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពទាក់ទាញ និងបង្ហាញពីភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕ដោយ៖ ប៉ៃ សុឃីម












