ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យពង្រឹងសមត្ថភាពកុមារី និងយុវតី ក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា និងអនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ ព្រមទាំងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៦ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ការចូលជាសមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា ផ្តល់ឱកាសដល់កុមារី និងយុវតីក្នុងការរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងកសាងទំនុកចិត្តលើខ្លួនឯង ព្រមទាំងជំរុញឱ្យមានភាពក្លាហាន មានកម្លាំងចិត្ត និងហ៊ានបង្ហាញសមត្ថភាព ដើម្បីជួយដល់អ្នកដទៃ និងសង្គម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា និងអនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ ព្រមទាំងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៦ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ការចូលជាសមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា ផ្តល់ឱកាសដល់កុមារី និងយុវតីក្នុងការរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងកសាងទំនុកចិត្តលើខ្លួនឯង ព្រមទាំងជំរុញឱ្យមានភាពក្លាហាន មានកម្លាំងចិត្ត និងហ៊ានបង្ហាញសមត្ថភាព ដើម្បីជួយដល់អ្នកដទៃ និងសង្គម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា សមាគមកាយឫទ្ធិនារីកម្ពុជាមានទស្សនវិស័យចង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅប្រកបដោយសីលធម៌ សេរីភាព សមភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានមោទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្លួន។ ចំណែកបេសកកម្មសំខាន់របស់សមាគម គឺការអភិវឌ្ឍសមត្ថភាពកុមារី និងយុវតី ឱ្យក្លាយជាពលរដ្ឋល្អ មានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាគ្រប់សាខា ឱ្យបន្តរៀបចំផែនការសកម្មភាពឱ្យបានសមស្រប និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កុមារី និងយុវតីនៅតាមមូលដ្ឋាន។ លោកជំទាវក៏បានបញ្ជាក់ថា ស្នាក់ការកណ្តាលមានក្រុមការងារត្រៀមជួយគាំទ្រដល់សាខានានា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពសមាគម។
បន្ថែមពីនេះ លោកជំទាវបណ្ឌិតបានជំរុញឱ្យមានការយកចិត្តទុកដាក់លើគុណភាពសមាជិក តាមរយៈការបណ្តុះបណ្តាលឱ្យសមស្របនឹងចំនួនគ្រូបណ្តុះបណ្តាល និងស្ថានភាពជាក់ស្តែងរបស់សមាគម ព្រមទាំងត្រូវស្តាប់មតិយោបល់ លើកទឹកចិត្ត និងបង្កើតឱកាសឱ្យកុមារី និងយុវតីហ៊ានបង្ហាញសមត្ថភាពរបស់ខ្លួន។

ពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៦ និងការប្រកាសតែងតាំងថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ នេះ គឺជាឱកាសបន្តពង្រឹងការងាររបស់សមាគមក្នុងការអប់រំ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកុមារី និងយុវតី ឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល និងមានការទទួលខុសត្រូវចំពោះសង្គមជាតិ។

សូមរំលឹកថាសមាគមកាយឫទ្ធិនារីកម្ពុជា បាននិងកំពុងពង្រីកសកម្មភាព និងបណ្តាញសមាជិកភាពរបស់ខ្លួននៅតាមរាជធានី-ខេត្ត ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពកុមារី និងយុវតី ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីសង្គមសដោយមានសមាជិកនៅទូទាំងប្រទេសប្រមាណជាង១ម៉ឺននាក់។អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…