ក្នុងរយៈពេលចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសចំនួន ១៨ ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់ និងដកហូតម៉ូតូចំនួន ១២គ្រឿង ព្រមទាំងវត្ថុតាងពាក់ព័ន្ធជាច្រើន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។



ប្រតិបត្តិការនេះអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៅតាមមូលដ្ឋាន។
បទល្មើសដែលសមត្ថកិច្ចបង្ក្រាបបាន រួមមាន អំពើលួច លួចមានស្ថានទម្ងន់ទោស រំលោភលើទំនុកចិត្ត ប៉ុនប៉ងលួច លួចម៉ូតូ លួចខ្សែភ្លើង និងសម្ភារៈលោហៈ អំពើហិង្សាដោយចេតនា ព្រមទាំងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទល្មើសផ្សេងៗទៀត។



វត្ថុតាងដែលត្រូវបានដកហូត រួមមាន ម៉ូតូ ១២គ្រឿង អាវុធខ្លី ១ដើម បង់អាវុធ គ្រាប់រំសេវ ២គ្រាប់ ទូរស័ព្ទដៃ ខ្សែភ្លើង សម្ភារៈលោហៈ ឧបករណ៍កាត់ខ្សែ កាំបិត ទួណឺវីស និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត។ សម្ភារៈមួយចំនួនដែលជាផលនៃអំពើល្មើស ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។



ដោយឡែក បុគ្គលចំនួន ៥នាក់ ដែលមិនមានតម្រុយពាក់ព័ន្ធនឹងបទល្មើស ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយមានគោលការណ៍ដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងការអនុញ្ញាតពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្របតាមនីតិវិធីច្បាប់។




ជនសង្ស័យដែលពាក់ព័ន្ធ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមច្បាប់ ខណៈសមត្ថកិច្ចបន្តស្រាវជ្រាវស្វែងរកបក្ខពួក និងអ្នកដែលកំពុងគេចខ្លួន។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ពីការបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងគោលបំណងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនក្នុងខេត្តព្រះសីហនុ៕អត្ថបទដោយ៖ សុភ័ក្រ្ត











