លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបោះសម្តីដ៏ក្តៅគគុកសារជាថ្មីកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសវេណេស៊ូអេឡា អាចនឹងក្លាយជា រដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងក្រុង Corpus Christi រដ្ឋ Texas លោក ត្រាំ បានថ្លែងថា ប្រទេសនេះ នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ហើយប្រហែលថ្ងៃណាមួយក្នុងពេលឆាប់ៗខាងមុខនេះ វាអាចនឹងក្លាយជារដ្ឋទី ៥១ របស់អាមេរិក។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានប្រកាសថា ប្រទេសវេណេស៊ូអេឡា បានបញ្ជូនប្រេងចំនួន ១ លានបារ៉ែលមកកាន់សហរដ្ឋអាមេរិក ទុកជាកាដូ សម្រាប់ជ័យជំនះនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
លោក ត្រាំ បានអួតសរសើរប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ូអេឡាកាលពីដើមឆ្នាំនេះ ដោយអះអាងថា ប្រតិបត្តិការនេះ បានបង្កើនការផ្គត់ផ្គង់ប្រេងរបស់អាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ផ្តល់ឱ្យយើងនូវការគ្រប់គ្រងដ៏ធំបំផុតនៃប្រភពផ្គត់ផ្គង់ប្រេងរបស់ពិភពលោក។
ប្រសាសន៍របស់ប្រធានាធិបតីរូបនេះ ធ្វើឡើង ខណៈដែលបេក្ខជនគណបក្សសាធារណរដ្ឋកំពុងប្រឈមមុខនឹងសម្ពាធជុំវិញតម្លៃប្រេងកើនឡើងខ្ពស់ នៅមុនថ្ងៃបោះឆ្នោតមកដល់ ដោយតម្លៃប្រេងសាំងធម្មតាក្នុងមួយកាឡុង បានកើនឡើងរហូតដល់ ៤០% បើធៀបទៅនឹងឆ្នាំមុន ខណៈដែលតម្លៃប្រេងម៉ាស៊ូត កើនឡើងជិត ៧៥%៕អត្ថបទ៖ រិទ្ធី






