កាលពីថ្ងៃអង្គារ ទី២៧ ខែតុលាម្សិលមិញនេះ អតីតមន្ត្រីជាន់ខ្ពស់នៃស្ថាប័នត្រួតពិនិត្យមូលបត្ររបស់ប្រទេសចិន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិត ដោយព្យួរទោសរយៈពេលពីរឆ្នាំ លើបទចោទប្រកាន់ពីបទស៊ីសំណូក ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង បន្តយុទ្ធនាការបោសសម្អាតអំពើពុករលួយយ៉ាងក្តៅគគុក និងទ្រង់ទ្រាយធំ។
លោក Wang Huimin ដែលធ្លាប់កាន់តំណែងជាសមាជិកគណៈកម្មាធិការបក្សកុម្មុយនីស្ត នៃគណៈកម្មការនិយ័តកម្មមូលបត្រចិន (CSRC) ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ត្រូវបានរកឃើញថាបានទទួលយកប្រាក់សំណូកសរុបលើសពី ៤៣៦ លានយ័ន ដែលស្មើនឹងប្រមាណ ៦៥ លានដុល្លារអាមេរិក។
សាលក្រមរបស់តុលាការបានបញ្ជាក់ថា ទំហំទឹកប្រាក់ពាក់ព័ន្ធនេះ មានចំនួនធំធេង និងបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់រដ្ឋ និងប្រជាជន ដែលទាមទារឱ្យមានការផ្តន្ទាទោសប្រហារជីវិត៕ អត្ថបទ៖ រិទ្ធី






