កម្លាំងចម្រុះចំនួន ១៨នាក់ មកពីតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកងពលតូចលេខ៥១ លេខ៥២ និងលេខ៥៣ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី បានចុះត្រួតពិនិត្យ និងបង្ក្រាបការដឹកជញ្ជូនលៀសខុសច្បាប់នៅចំណុចចុងផែឆ្នុកទ្រូ ក្នុងភូមិសាស្ត្របឹងទន្លេសាប។ ប្រតិបត្តិការនេះបានរកឃើញលៀសទំហំតូចដែលច្បាប់ហាមឃាត់ សរុបប្រមាណជាង ៨តោន ដែលបានច្រករួចចំនួន ៦០ការ៉ុង និងលៀសនៅក្នុងទូកចំនួន ៤គ្រឿង ដែលត្រៀមលើកដាក់រថយន្តដឹកយកទៅធ្វើជាចំណីសត្វ។
ក្រោយការបង្ក្រាប កម្លាំងចម្រុះបានដកហូតលៀសទាំងនោះ និងដឹកយកទៅលែងចូលក្នុងបឹងទន្លេសាបវិញ ដើម្បីចូលរួមថែរក្សាធនធានជលផល និងការពារប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ចំណែកទូកដឹកលៀសទាំង ៤គ្រឿង ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ត្រូវបានដកហូត និងរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការឆ្នុកទ្រូ ដើម្បីរង់ចាំការដោះស្រាយបន្តតាមនីតិវិធីពាក់ព័ន្ធ។
ចំពោះអ្នកពាក់ព័ន្ធ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំដល់ម្ចាស់ទូកចំនួន ៤នាក់ ជាបុរស និងម្ចាស់រថយន្តចំនួន ២នាក់ ជាស្ត្រី រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ប្រតិបត្តិការនេះបង្ហាញពីការបន្តចូលរួមរបស់កម្លាំងចម្រុះក្នុងការទប់ស្កាត់បទល្មើសនេសាទ ជាពិសេសការប្រមូល និងដឹកជញ្ជូនលៀសទំហំតូចដែលច្បាប់ហាមឃាត់ ដើម្បីរួមចំណែកអភិរក្សធនធានជលផលនៅបឹងទន្លេសាបឱ្យបានគង់វង្ស៕ ដោយ៖ សុភ័ក្រ្ត








