ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងទៅកាន់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា មានសមត្ថភាពដោះស្រាយបញ្ហាក្នុងតំបន់ដោយមិនចាំបាច់មានការចូលរួមពីសហរដ្ឋអាមេរិកនោះឡើយ ខណៈដែលអ៊ីរ៉ង់ និងរុស្ស៊ី កំពុងស្វែងរកការរឹតចំណងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ។
មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ទី២៧ ម្សិលមិញ នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាប្រទេសនាំចេញឧស្ម័ន ក្នុងទីក្រុងម៉ូស្គូ ខណៈដែលកិច្ចភាក្សារបស់មេដឹកនាំទាំងពីរ គ្របដណ្តប់លើជម្លោះក្នុងតំបន់ កិច្ចសហប្រតិបត្តិការទ្វេភាគី និងគម្រោងរួមគ្នាក្នុងវិស័យប្រេង និងឧស្ម័ន។
លោក Pezeshkian បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ក្នុងការនាំចេញឧស្ម័នធម្មជាតិ ដោយលោកបានថ្លែងថា អ៊ីរ៉ង់ផលិតឧស្ម័នបានប្រមាណ ២៨០ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យខ្លួនក្លាយជាអ្នកផលិតធំជាងគេទីបីនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី។
ជាការឆ្លើយតប លោក ពូទីន បានលើកឡើងពីស្ថានការណ៍នៅតំបន់មជ្ឈឹមបូព៌ា និងថារុស្ស៊ី មិនអាចលូកដៃចូលទៅក្នុងជម្លោះបានទេ ប៉ុន្តែមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រមទាំងជំរុញឲ្យភាគីពាក់ពន្ធ័ទាំងអស់ ព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី។
គួរបញ្ជាក់ផងដែរថា កិច្ចភាក្សានេះធ្វើឡើង ខណៈដែលអ៊ីរ៉ង់ កំពុងស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី ក្នុងពេលដែលការនាំចេញថាមពលរបស់ខ្លួន កំពុងប្រឈមមុខនឹងសម្ពាធពីការបិទខ្ទប់ផ្លូវទឹកដោយកងទ័ពជើងទឹកអាមេរិក៕ អត្ថបទ៖ រិទ្ធី






