កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបសណ្ឋាគារ «ប៊ែន ប៊ែន» កម្ពស់៦ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប៦១នាក់ ក្នុងនោះមានស្ត្រី១៦នាក់ មកពី៥សញ្ជាតិ រួមមាន ជនជាតិចិន៥នាក់ ជនជាតិខ្មែរ៥នាក់ ជនជាតិឥណ្ឌូនេស៊ី២៨នាក់ ជនជាតិថៃ២២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ ការត្រួតពិនិត្យបានរកឃើញបន្ទប់ដែលសង្ស័យប្រើប្រាស់សម្រាប់ធ្វើសកម្មភាពចំនួន៤កន្លែង រួមមានបន្ទប់តូច២នៅជាន់ទី២ និងសាលធ្វើការចំនួន២នៅជាន់ទី៥ និងទី៦។ ចំណែកម្ចាស់ទីតាំងឈ្មោះ ងី ចំរើន ភេទប្រុស និងឈ្មោះ នាង ស្រីនុច ភេទស្រី មិនមានវត្តមាននៅកន្លែងកើតហេតុទេ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរឹបអូសឧបករណ៍អេឡិចត្រូនិកជាច្រើន រួមមាន ម៉ាស៊ីន All in One ចំនួន៧៩គ្រឿង, CPU ចំនួន៤គ្រឿង, ទូរស័ព្ទសម្រាប់ប្រើការងារ១១៤គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន៣៩គ្រឿង និងម៉ូនីទ័រ១៧គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ដោយ៖ សុភ័ក្រ្ត







