ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៧ ជុំទី១ បានបើកការប្រកួតជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅជិតឆ្នេរពយជំទាវម៉ៅ(ដើមឈើចាំស្នេហ៍) ស្ថិតក្នុងសង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា។
ពិធីបើកការប្រកួតនេះ ស្ថិតក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងកីឡាករ-កីឡាការិនីយ៉ាងច្រើនកុះករ។
ឯកឧត្តម ទៀ ស្យាម បានលើកឡើងថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងធំពីរ គឺការ លើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាប្រណាំងរថយន្តនៅកម្ពុជា និង ចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្ដានុពលក្នុងខេត្តព្រះសីហនុ ទៅកាន់សាធារណជន។
ជាមួយគ្នានេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់អាទិភាពខ្ពស់លើវិស័យទេសចរណ៍ជាឆ្អឹងខ្នងសេដ្ឋកិច្ច។ បច្ចុប្បន្ន រដ្ឋបាលខេត្តក៍កំពុងខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាគោលដៅទេសចរណ៍តំបន់ឆ្នេរបៃតងដ៏រស់រវើក និងមានសុវត្ថិភាព។
លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់កីឡាករ-កីឡាការិនីទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីកីឡា ទទួលយកលទ្ធផលចាញ់-ឈ្នះដោយក្រមសីលធម៌ ភាពស្មោះត្រង់ យុត្តិធម៌ និងមិត្តភាព ស្របតាមទិសស្លោក៖ «កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីមិត្តភាព កីឡាដើម្បីទេសចរណ៍» និងប្រកាសបើកព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៧ ផ្លូវការដោយភាពសប្បាយរីករាយ៕ អត្ថបទ៖ ប៉ៃ សុឃីម/រូបភាព៖ កែវ ដារ៉ា





















