ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនភរិយា និងក្រុមគ្រួសារ អតីតនាយករដ្ឋមន្ត្រីជប៉ុន Yasuo FUKUDA

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកជំទាវ Kiyoko FUKUDA និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម Yasuo FUKUDA អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩០ឆ្នាំ នៅរាជធានីតូក្យូ។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ស្វាមីជាទីស្រឡាញ់របស់លោកជំទាវ ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងប្រជាជនជប៉ុន ក្នុងនាមព្រឹទ្ធសភាកម្ពុជា ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនផ្ទាល់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកជំទាវ Kiyoko FUKUDA និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម Yasuo FUKUDA អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩០ឆ្នាំ នៅរាជធានីតូក្យូ។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ស្វាមីជាទីស្រឡាញ់របស់លោកជំទាវ ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងប្រជាជនជប៉ុន ក្នុងនាមព្រឹទ្ធសភាកម្ពុជា ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនផ្ទាល់។សម្តេចតេជោបានលើកឡើងថា ការទទួលមរណភាពរបស់ឯកឧត្តម Yasuo FUKUDA គឺជាការបាត់បង់រដ្ឋបុរសជប៉ុនមួយរូប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងប្រទេសជប៉ុន និងលើឆាកអន្តរជាតិ។

សម្រាប់កម្ពុជា ឯកឧត្តម Yasuo FUKUDA នឹងត្រូវបានចងចាំក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ និងជាឥស្សរជនសំខាន់មួយរូបក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ ជាពិសេស គោលនយោបាយការបរទេសតាមរយៈលទ្ធិហ្វូគូដា (Fukuda Doctrine) និងការទូត «ពីបេះដូង » (Heart to Heart Diplomacy) បានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ក្នុងអំឡុងពេលឯកឧត្តម Yasuo FUKUDA កាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ប្រទេសជប៉ុនបានបន្តធ្វើជាដៃគូសហការរបស់កម្ពុជាក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសក្រោយជម្លោះ ដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការបោសសម្អាតមីន និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌។

សម្តេចតេជោបានបញ្ជាក់ថា ការរួមចំណែករបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានបន្សល់ទុកនូវស្នាមដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍កម្ពុជា និងក្នុងការចងចាំរបស់ប្រជាជនកម្ពុជា។
នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធឯកឧត្តម Yasuo FUKUDA បានទៅកាន់សុគតិភព និងសូមឱ្យលោកជំទាវ Kiyoko FUKUDA ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខ និងការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត។អត្ថបទដោយ៖ សុភ័ក្រ្ត

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…