ប្រទេសប៉ាគីស្ថាន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសចិន បានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានសម្រេចចិត្តបិទដែនអាកាសរបស់ខ្លួន មិនឱ្យក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ហោះហើរឆ្លងកាត់ ដើម្បីបង្ហាញការគាំទ្រដល់ «គោលនយោបាយចិនតែមួយ»។ ប្រទេសប៉ាគីស្ថាន បានបញ្ជាក់ពីការសម្រេចចិត្តនេះកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីមានរបាយការណ៍ថា ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសរបស់តៃវ៉ាន់ បានចាប់ផ្តើមផ្លាស់ប្តូរទិសដៅជើងហោះហើរឆ្ងាយជាងមុន ដើម្បីចៀសវាងការហោះហើរឆ្លងកាត់ដែនអាកាសប៉ាគីស្ថាន។
រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bloomberg News ថា នាយកដ្ឋានអាកាសចរណ៍ស៊ីវិល ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ដោយអនុញ្ញាតឱ្យតែជើងហោះហើរមកពីចិនតែប៉ុណ្ណោះ ឆ្លងកាត់។
ប្រទេសប៉ាគីស្ថាន គឺជាប្រទេសដំបូងគេមួយដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ ១៩៥១ ហើយចាប់តាំងពីពេលនោះមក ប្រទេសនេះបានរក្សាទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ដោយបានពិពណ៌នាអំពីទំនាក់ទំនងរវាងគ្នានិងគ្នា ថាជា «ដៃគូគ្រប់កាលៈទេសៈ»។
ខុសប្លែកពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតដែលរក្សាទំនាក់ទំនងមិនផ្លូវការជាមួយកោះតៃវ៉ាន់ ប៉ាគីស្ថាន មានទំនាក់ទំនងកម្រិតទាបបំផុតជាមួយកោះតៃវ៉ាន់ ហើយតែងតែសម្តែងការប្រឆាំងយ៉ាងដាច់អហង្ការចំពោះឯករាជ្យភាពរបស់កោះនេះ ដោយកន្លងមក ក្រសួងការបរទេសប៉ាគីស្ថានបានពិពណ៌នាថា កោះតៃវ៉ាន់ជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ចិន ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ៕អត្ថបទ៖ រិទ្ធី







