រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា ខ្លួនបានសម្រេចអនុម័តជាផ្លូវការនូវគម្រោងលក់ប្រពន្ធ័គ្រាប់មីស៊ីលការពារដែនអាកាស Patriot ក្នុងតម្លៃ ២.១ ពាន់លានដុល្លារ ទៅឱ្យប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់ក្រសួងសង្រ្គាមអាមេរិក ថាបានពន្យារពេលដោយចេតនាក្នុងការប្រគល់ប្រពន្ធ័អាវុធដ៏សំខាន់នេះ ដែលជាខែលការពារដ៏ចាំបាច់ប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ប្រពន្ធ័គ្រាប់មីស៊ីល Patriot ចំនួន ៥០០ គ្រាប់ ត្រូវបានបញ្ជាទិញសម្រាប់អ៊ុយក្រែន តាមរយៈមូលនិធិជំនួយឧបត្ថម្ភពីប្រទេសកាណាដា អាល្លឺម៉ង់ និងន័រវែស ដោយឆ្លងកាត់កម្មវិធីលក់អាវុធរបស់អាមេរិក ហើយគ្មានការចំណាយថវិការបស់ពលរដ្ឋអាមេរិកសូម្បីតែមួយសេន។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានព្រមានថា ប្រទេសរបស់លោកជិតអស់គ្រឿងសព្វាវុធដ៏សំខាន់នេះហើយ ក្នុងការទប់ទល់នឹងការវាយប្រហារយ៉ាងសន្ធាប់ពីរុស្ស៊ី ខណៈដែលបានចោទប្រកាន់ក្រសួងសង្រ្គាមអាមេរិកចំៗថា បានពន្យារពេលក្នុងការដឹកជញ្ជូនប្រពន្ធ័គ្រាប់មីស៊ីល ដែលប្រទេសផ្សេងទៀតបានប្រមូលថវិកាទិញជូនអ៊ុយក្រែនរួចទៅហើយនោះ៕ អត្ថបទ៖ រិទ្ធី






